ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ រិះគន់ប្រធានាធិបតីបៃឌិនបញ្ជូនទាហានទៅខុសព្រំដែន

ចែករំលែក៖

អតីតប្រធានាធិបតីដូណាល់ ត្រាំ បានអំពាវនាវដល់ប្រធានាធិបតីបៃឌិនត្រូវតែធានាព្រំដែនអាមេរិកជាមុន ទើបគិតដល់ការឈ្លានពានរបស់ប្រទេសផ្សេងទៀត។ លោកត្រាំចង់បង្ហាញថា លោកបៃឌិនបានបញ្ជូនទាហានទៅការពារព្រំដែនអ៊ុយក្រែន តែមិនបានការពារព្រំដែនអាមេរិកនោះទេ គឺទុកឱ្យមានវិបត្តិនៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ ។

អតីតប្រធានាធិបតីអាមេរិក បានលើកឡើងថា «មនុស្សនៅទីក្រុងវ៉ាស៊ីនតោនបានគិតគូរពីការការពារព្រំដែនប្រទេសអ៊ុយក្រែន ប៉ុន្តែព្រំដែនសំខាន់បំផុតនៅលើពិភពលោកនាពេលនេះសម្រាប់យើងមិនមែនជាព្រំដែនអ៊ុយក្រែននោះឡើយ គឺព្រំដែនរបស់អាមេរិក»។ ការលើកឡើងរបស់លោកត្រាំ ក្រោយពេលរដ្ឋាភិបាលអាមេរិកបានបញ្ជូនទាហាន និងអាវុធជាច្រើនទៅកាន់អឺរ៉ុបខាងកើត និងអ៊ុយក្រែនដើម្បីជួយដល់ប្រទេសនេះទប់ទល់ការឈ្លានពានពីរុស្ស៊ី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីនៅឆ្នាំ២០២៤ នោះលោកនឹងលើកលែងទោសឱ្យកុបករទាំងអស់ដែលត្រូវបានចោទប្រកាន់ពីទោសឧក្រិដ្ឋពាក់ព័ន្ធនឹងការវាយប្រហារវិមានសភា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ថ្លែងនាឱកាសនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា «ប្រសិនបើខ្ញុំសម្រេចចិត្តឈរឈ្មោះ ហើយជាប់ឆ្នោតម្ដងទៀត ខ្ញុំនឹងផ្ដល់យុត្តិធម៌ដល់អ្នកទាំងនោះ (កុបករថ្ងៃទី០៦ ខែមករា)។ យើងនឹងផ្ដល់យុត្តិធម៌ដល់ពួកគេ ហើយបើមានការតម្រូវឱ្យលើកលែងទោស នោះយើងនឹងផ្ដល់ការលើកលែងទោស ព្រោះពួកគេកំពុងរងអយុត្តិធម៌»។
កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ រាប់ពាន់នាក់បានសម្រុកចូលអុកឡុកវិមានសភា ដើម្បីរារាំងការប្រកាសជ័យជម្នះរបស់លោក ចូ បៃឌិន ដោយបង្កឱ្យមានអំពើហិង្សាផ្ដាច់ជីវិតមនុស្ស ៥នាក់ ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ រីឯមនុស្សច្រើនជាង ៧០០នាក់ត្រូវបានចោទប្រកាន់ពីទោសឧក្រិដ្ឋ៕

ដោយ៖សាធី(រូបថត៖Reuters.)

រូបថត៖TTXVN 


ចែករំលែក៖