ព័ត៌មានទាន់ហេតុការណ៍៖

លោក លី កុសល ជំរុញឲ្យកីឡាករ កីឡាការិនីវាយសីបង្កើនការហ្វឹកហាត់ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានសំណូមពរ និងក្រើនរំឭកដល់បណ្តាក្លិប សម្ព័ន្ធកីឡាវាយសីទាំងអស់ សូមបង្កើនការហ្វឹកហាត់ និងរៀនសូត្រពង្រឹងជំនាញបន្តទៀត ដើម្បីជំរុញឲ្យប្រភេទកីឡាវាយសីកាន់តែមានសក្តានុពល និងបទពិសោធន៍ល្អៗបន្ថែមទៀត ហើយអាចចូលរូបគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមលក្ខណៈបណ្តុះបណ្តាលកីឡាករ កីឡាការិនីវ័យក្មេង ដែលមានកម្លាំងខ្លាំងក្លា ដើម្បីដណ្តើមមេដាយមាស ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាម ផេក (Cambodia2023) CAMSOC#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣

#កីឡារស់ក្នុងសន្ដិភាព_SPORT:LIVE_IN_PEACE នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

នេះជាការលើកឡើងរបស់ លោកប្រធាន នៅក្នុងឱកាសបិទការប្រកួតកីឡាវាយសី ពានរង្វាន់៧មករា លើកទី២១ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

លោក ឧត្តមសេនីយ៍ឯក លី កុសល មានប្រសាសន៍ទៀតថា សហព័ន្ធតែងតែរៀបចំការប្រកួត តាមកាលវិភាគប្រចាំឆ្នាំ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងបង្កើនគុណភាព សមត្ថភាពកីឡាករ កីឡាការិនី និងជំរុញការហ្វឹកហាត់ឲ្យបានច្រើនជាងមុន ខណៈអាជ្ញាកណ្តាល-ចៅក្រមក៏ត្រូវបានឯកឧត្តមជំរុញឲ្យប្រកាន់ខ្ជាប់នូវការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនដូចគ្នាផងដែរ។

លោកប្រធានសហព័ន្ធវាយសីក៏បានលើកឡើងពីសន្ទសន៍មេដាយដាក់ជូនដល់ប្រភេទកីឡាវាយសីកម្ពុជាធ្វើយ៉ាងណាត្រូវរកមេដាយមាសឲ្យបានមួយគ្រឿងយ៉ាងតិច។ ដូច្នេះសូមទាំងអស់គ្នាប្រឹងប្រែងឡើងក្ដាប់ឱកាសនេះឲ្យជាប់ដណ្ដើមយកជ័យជម្នះឲ្យបាន ដើម្បីពីភាពខ្លាំង និងមោទនភាពជូនជាតិមាតុភូមិ សម្រាប់ជំនាញកីឡាវាយសីរបស់សហព័ន្ធយើង។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា នៅក្នុងរយៈពេលចុងក្រោយនេះ វិស័យកីឡានៅកម្ពុជា ក៏ដូចជាខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ កីឡាវាយសីនៅខេត្តសៀមរាប ក៏ចាប់ផ្តើមមានការរីកចំម្រើនគួឱ្យកត់សម្គាល់ ស្របពេលដែលខេត្តសៀមរាប បានទទួលសមិទ្ធផលថ្មី គឺក្លឹបកីឡាវាយសី ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ លោកបន្តថា កីឡាបានក្លាយជាយុទ្ធសាស្រ្តថ្មីមួយនៅក្នុងតំបន់អាស៊ាន ដែលត្រូវជំរុញឱ្យមានយកចិត្តទុកដាក់ ពីព្រោះទេសចរណ៍កីឡា គឺជាទីផ្សារថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនាកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។

លោក ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីគូសបញ្ជាក់ថា ព្រឹត្តិការណ៍វាយសីពានរង្វាន់៧មករា ឆ្នាំ២០២២នេះមានការចូលរួមពីសម្ព័ន្វកីឡាវាយសីចំនួន១៨ និងកីឡាករ កីឡាការីជិត២០០នាក់មកពីបណ្តារាជធានី-ខេត្ត ដោយប្រកួតលើ៧វិញ្ញាសា។ ជាលទ្ធផល គឺម្ចាស់ផ្ទះ ក្លិបកីឡាវាយសី SBC ខេត្តសៀមរាបដណ្តើមបានមេដាយមាសច្រើនជាងគេ៕

ដោយ៖ សិលា


ចែករំលែក៖