ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប់រួមរងការវាយប្រហារដោយរ៉ុក្កែត ក្នុងពេលប្រធានាធិបតីអុីស្រាអែលបំពេញទស្សនកិច្ច

ចែករំលែក៖

នេះជាលើកទីបីហើយក្នុងរយៈពេល១ខែកន្លងមកដែលក្រុមឧទ្ទាមហ៊ូធីវាយប្រហារទៅលើប្រទេសអារ៉ាប់រួម ក្នុងនោះមានពីរលើកវាយប្រហារសម្លាប់មនុស្ស ៣នាក់។
ប្រទេសអារ៉ាប់រួម (UAE) នៅថ្ងៃទី ៣១ខែមករា បានប្រកាសថា ក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយប្រទេសអុីរ៉ង់ បានបាញ់រ៉ុក្កែតទៅលើប្រទេសនេះក្នុងពេលដែលប្រធានាធិបតីអុីស្រាអែល លោក Isaac Herzog បំពេញទស្សនកិច្ចជាលើកដំបូង ។
កាំជ្រួចមីស៊ីលដែលវាយប្រហារនោះត្រូវបានប្រព័ន្ធការពារមីស៊ីលរបស់ UAE វាយស្ទាក់បានដោយជោគជ័យក្នុងពាក់កណ្តាលយប់ ។ បំណែករ៉ុក្កែតបានធ្លាក់នៅក្នុងតំបន់ដែលមិនមានមនុស្សរស់នៅ ទើបមិនមានអ្នកស្លាប់និងរបួស។
ភ្លាមៗនោះ UAE បានវាយបកវិញតាមដែនអាកាសទៅលើទីតាំងដែលរ៉ុក្កែតបាញ់ចេញនៅក្នុងតំបន់ Al Jawf នៃប្រទេសយេម៉ែន។ ការវាយប្រហារចំពេលប្រធានាធិបតី អុីស្រាអែលបំពេញទស្សនកិច្ច ហើយជួបពិភាក្សាជាមួយរាជទាយាទ Sheikh Mohammed bin Zayed Al Nahyan ។
អ្នកនាំពាក្យក្រុមហ៊ូធីបានបញ្ជាក់ថា ការវាយប្រហារគឺដើម្បីបំផ្លាញដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអុីស្រាអែល។
នេះជាការវាយប្រហារលើកទីបីហើយទៅលើប្រទេសអារ៉ាប់រួមក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ កន្លងមកក្រុមហ៊ូធីក៏បានវាយប្រហារទៅលើទីតាំងក្នុងទីក្រុង Abu Dhabi និង Dubai បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់៕ ដោយ ៖ សាធី

រូបថត៖AP


ចែករំលែក៖