ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ស្នើឲ្យអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនលើវិស័យកសិកម្ម នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលការងារជាមួយ លោកTakhashi Fumi aki ប្រធានសមាគមជប៉ុន.កម្ពុជានិងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  នារសៀលថ្ងៃទី៣ កុម្ភៈ ២០២២ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានស្នើ ដល់អ្នកវិនិយោគជប៉ុន តាមរយៈសមាគមកម្ពុជា.ជប៉ុន ដើម្បីមកវិនិយោគលើវិស័យកសិកម្មបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។

    លោកអភិបាលថ្លែងថា៖ នៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញមានសក្កដានុពលខ្លាំងលើវិស័យកសិកម្មក្នុងនោះបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសំរាប់នាំចេញទៅទីផ្សារសំខាន់ៗដូចជាប្រទេសចិនជាដើមនៅពេល កម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតផលកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។ 

      លោកបន្ដថា៖ ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល។

ពាក់ព័ន្ធ នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរាបជូនភ្ញៀវថា រឿងនេះយើងបានដោះស្រាយបានល្អប្រសើរហើយដោយយើងមានក្រុមហ៊ុនប្រមូល សំរាមចំនួន៣ ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាមដែលជប៉ុនបានផ្តល់ដល់រាជធានីភ្នំពេញ  យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គិភ័យនៅរាជធានីភ្នំភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ ។ដូច្នេះយើងត្រូវការចាំបាច់គឺរថយន្តពន្លត់អគ្គិភ័យសំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គិភ័យពិសេសលើសំណង់អគារខ្ពស់ ៗ។

     លោកTakahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៍របស់សមាគមកម្ពុជា.ជប៉ុនដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញទៅតាមសំណើរបស់លោក ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញ។ លោក Takahashi Fumi aki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើកទី២និងរៀបចំអោយមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។

     លោក បានប្រគល់ប្លង់ដីមួយហិកតាដែលអំណោយរបស់ជនជាតិជប៉ុនម្នាក់ដល់ លោក ឃួង ស្រង  អភិបាលរាជធានីភ្នំពេញសម្រាប់ធ្វើជាសួនច្បារសាធារណៈមួយដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំដែលជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមករក្សាសន្តិសុខអន្តរជាតិហើយក៏មានកម្ពុជាផងដែរហើយ

  លោក ឃួង ស្រេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយសន្យាថា នឹងចាត់ចែងធ្វើ ឱ្យបានល្អ៕

ដោយ ៖ សំរិត


ចែករំលែក៖