ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីណែនាំក្រើនរំលឹក ស្តីពីបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង (Omicron)

ចែករំលែក៖

ភ្នំពេញ ៖ ដោយសង្កេតឃើញថា បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុង ព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ទៅហើយជារៀងរាល់ថ្ងៃ ដែលគួរ ឱ្យមានការព្រួយបារម្ភ ហើយវិធានការការពារការចម្លងជំងឺកូវីដ-១៩ ក៏ឃើញថានៅមិនទាន់មានការអនុវត្ត ន៍បានម៉ត់ចត់ និងម៉ឺងម៉ាត់ ជាពិសេសការជួបជុំគ្នា គឺមានការកើនឡើងច្រើនទៅៗ ដោយមិនមានការ ប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលបង្កលទ្ធភាពឱ្យមានការចម្លងវីរុសកូវីដ-១៩កាន់ច្រើន ឡើងជារៀងរាល់ថ្ងៃនោះ ក្រសួងសុខាភិបាល សូមជម្រាបបងប្អូនសាធារណជនទាំងអស់ថា៖ អូមីក្រុង (Omicron កំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើ សាកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នេះ ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម រួមទាំងការចៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន និង ដើម្បីធានាបាននូវនិរន្តរ៍ភាពនៃការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែងនោះ សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេស “៣ការពារ និង ៣កុំ” និងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដួសជំរុញ ឱ្យបានគ្រប់ៗគ្នា គោរពតាមការណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២២ នេះ។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសប្រកបដោយ ជោគជ័យសម្រាប់ការចាក់ដូសមូលដ្ឋាន ក៏ប៉ុន្តែជាការចាំបាច់បំផុតនៅក្នុងកាលៈទេសៈនេះ ដែលបងប្អូន ត្រូវមកទទួលយកនូវការចាក់ដួសទី៣ ឬដូសជំរុញបន្ថែមទៀត ដែលក្រសួងសុខាភិបាល ស្នើសុំឱ្យរដ្ឋបាល រាជធានី-ខេត្តទាំង២៥ និងអាជ្ញាមូលដ្ឋាននៅតាមស្រុក សង្កាត់ ឃុំ ភូមិ នៅទូទាំងប្រទេស ចាត់ចែងកៀរគរ ប្រជាជនដែលមិនទាន់បានចាក់ដួសទី៣ ឬដួសជំរុញ នៅតាមមូលដ្ឋានរបស់ខ្លួន សហការជាមួយមន្ទីរសុខា ភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជំរុញការងារចាក់វាក់សាំងកូវីដ-១៩ ឱ្យបានលឿន រួមជាមួយនឹងការធ្វើ យុទ្ធនាការអប់រំផ្សាយតាមគ្រប់រូបភាព ស្តីពីការបន្តការការពារការចម្លងវីរុសកូវីដ-១៩ អូមីក្រុង នេះ ឱ្យបាន គគ្រឹកគគ្រេង ទូលំទូលាយ និងមានការជ្រួតជ្រាបទៅដល់ប្រជាជននៅតាមសហគមន៍ឱ្យបានជាប់ជាប្រចាំ ជាមួយការដាក់ចេញនូវយន្តការតាមដានការអនុវត្តវិធានការការពារទាំងនេះផងដែរ។

បើទោះបីជាមានការគ្រប់គ្រងឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ បានទទួលលទ្ធផលល្អ ប្រសើរក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ហើយមានការធ្វេសប្រហែស ឬបំភ្លេចចោលនូវកិច្ចការពារខ្លួនកុំ ឱ្យមានការចម្លងជំងឺកូវីដ-១៩ នោះឡើយ។ ជំងឺរាតត្បាតកូវីដ-១៩នេះ នៅមិនទាន់ចប់នៅឡើយទេ ហើយ យើងកំពុងតែប្រឈមមុខទៅនឹងការឆ្លងវីរុសកូវីដ-១៩. អូមីក្រុងនេះ ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជា ការចាំបាច់ខ្លាំងណាស់ក្នុងពេលនេះ ដែលបុគ្គលគ្រប់រូបត្រូវត្រៀមលក្ខណៈ និងរៀបចំឱ្យបានល្អសម្រាប់ ការឆ្លើយតប ការពារខ្លួន និងចូលរួមធ្វើអន្តរាគមន៍ទៅនឹងការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ យើងត្រូវត អត់ធ្មត់បន្ថែមទៀត ខណៈដែលយើងកំពុងតែរៀនរស់នៅជាមួយនឹងវត្តមាននៃវីរុសកូវីដ-១៩ និងការប្រុង ប្រយ័ត្នខ្ពស់នៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញនៅពេលនេះ ដោយយើងទាំងអស់គ្នា ចាំបាច់ត្រូវធ្វើសកម្មភាពឆ្លើយតបរួមគ្នា ដោយផ្អែកលើអ្វីដែលយើងបានដឹង និងធ្វើបានជោគជ័យរួចមក ហើយនោះ និងរួមគ្នាទប់ស្កាត់ការចម្លងជាបន្តទៀត ដើម្បីកុំឱ្យហួសពេល និងមានការស្តាយក្រោយ ដោយយើងត្រូវត្រៀមរៀបចំបម្រុងសម្រាប់ការកើនឡើងជាគំហុកណាមួយនៃជំងឺកូដ-១៩ ដែលអាច ឲ្យយើងជៀសវាងបានពីសភាពការរាតត្បាតទៅហួសខ្សែបន្ទាត់ក្រហម ដែលធ្វើឲ្យប្រព័ន្ធសុខាភិបាល ទទួលបន្ទុកធ្ងន់ធ្ងរ ឬអាចហួសកម្រិតដែលអាចទ្រាំទ្របាន ហើយក៏អាចការពារប្រជាជនងាយរងគ្រោះ បានផងដែរ។

យើងដឹងបានថាអូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្តគ្នាលឿនជាងប្រភេទអាល់ហ្វា ឬ ដែលតា ហើយយើងក៏ដឹងដែរថា វិធានការសុខភាពសាធារណៈ និងការការពាររបស់បុគ្គល ដោយនៅ ក្នុងប្រទេសកម្ពុជា ការអនុវត្តន៍វិធានការ ៣ ការពារ និង ៣កុំ បូកនឹងការចាក់វាក់សាំងកូវីដ-១៩ គឺជា ចំណុចគន្លឹះដែលមានប្រសិទ្ធភាពខ្ពស់ ហើយនៅតែជាកិច្ចការការពារដ៏រឹងមាំបំផុតរបស់យើងប្រឆាំង នឹងជំងឺកូវីដ-១៩ រួមទាំងអូមីក្រុង (Omicron) និងការពារជនដែលងាយរងគ្រោះ ប្រសិនបើយើងទាំង អស់គ្នា អនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការខាងលើនេះ។ យើងត្រូវតែធ្វើសកម្មភាពឥឡូវ នេះ ដោយ ។រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូដ-១៩- ចូលទៅក្នុងសហគំន៍យើង។ សុខ ភាពរបស់លោកអ្នក គឺជាអាទិភាពចម្បងរបស់លោកអ្នក មានតែលោកអ្នកទេដែលអាចការពារការចម្លង ជំងឺកូវីដ-១៩ បាន មានតែគ្រួសារលោកអ្នកនិងសហគមន៍របស់លោកអ្នកប៉ុណ្ណោះ ដែលអាចបញ្ឈប់ការរីក រាលដាលនៃមេរោគនេះបាន។ លើសពីនេះ យើងក៏ត្រូវតែបន្តពង្រឹងប្រព័ន្ធស្រាវជ្រាវសម្រាប់ការរក ឃើញវីរុសកូវីដ-១៩អូមីក្រុងនេះ ឱ្យបានលឿន និងត្រូវបន្តតាមដានឱ្យបានទាន់ពេលវេលារួមជាមួយ នឹងការអនុវត្តន៍វិធានការសុខភាពសាធារណៈ និងសង្គមដែលបានកំណត់តាមក្បួនខ្នាតបច្ចេកទេស ត្រឹមត្រូវ និងមានគោលការណ៍ណែនាំជាហូរហែររួចមកហើយដែរ។

ខ្ញុំសូមធ្វើការក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូន ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួន ឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមគន្លងនៃការ “រៀនរស់នៅធម្មតាជា មួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- សំដៅបង្ការ គ្រប់គ្រង និងកាត់ ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីអូមីក្រុងនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចនឹងកើតមាននៅក្នុងប្រទេសយើងជាយថាហេតុណាមួយ។សូមបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ ជាពិសេសបុគ្គល គ្រួសារ និងសហគមន៍ ត្រូវចូលរួមជាចាំបាច់ឱ្យបាន ត្រឹមត្រូវខ្ជាប់ខ្ជួន និងម៉ត់ចត់នូវការអនុវត្តន៍វិធានការទាំងនេះ។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើតេស្ត ឬធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើតេស្ត ឬធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាម ការណែនាំរបស់អាជ្ញាធរមូលដ្ឋាននៅទីតាំងរបស់ខ្លួន ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយធំ។ បន្ថែមលើនេះ សូមកុំទៅកាន់ទីតាំង ៣ “ជ” (កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែង មនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) គឺជាទីតាំងដែលមានហានិភ័យឆ្លងខ្ពស់បំផុត ហើយកាត់បន្ថយ ជាអតិប្បរិមានូវការជួបជុំគ្នាដើម្បីទទួលទានអាហាររួមគ្នា ឬបង្កឱ្យមានការជួបជុំទ្រង់ទ្រាយធំពេកដូចជា ពិធីភ្ជាប់ពាក្យ ពិធីមង្គលការ ឬពិធីបុណ្យទានអ្វីមួយ (ត្រូវមានការកំណត់ទំហំនៃពិធីឱ្យតូចៗល្មមៗបាន ហើយ និងត្រូវតែមានការអនុវត្តន៍វិធានការសុខាភិបាលត្រឹមត្រូវ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិ ភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងជាចាំបាច់) ដោយតម្រូវឱ្យមានការត្រួតពិនិត្យពីអាជ្ញាមូលដ្ឋាន និង សមត្ថកិច្ចឱ្យបានដិតដល់ និងជាចាំបាច់លើការអនុវត្តន៍ទាំងនេះ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬ នៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។

ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាល ក៏សង្កេតឃើញដែរថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះ កើនឡើងលើក្រុមយុវវ័យ ឬវ័យកណ្តាល ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត ឬការជួបជុំណាមួយច្រើន។ ដូច្នេះ ក្រសួង សូមអំពាវនាវដល់យុវវ័យ និងមនុស្សគ្រប់រូប សូមចូលរួម អនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដូចបានរៀបរាប់ខាងលើឱ្យបានម៉ត់ចត់ និងត្រឹម ត្រូវ ជាពិសេស “៣ការពារ ៣កុំ និងកុំទៅកាន់ទីតាំង ៣ “ជ” នេះ” ដើម្បីការពារបុគ្គលខ្លួនឯង ដោយមិនត្រូវ នាំវីរុសកូវីដ-១៩ អូមីក្រុង មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះ ភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩នេះ។

សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖