ភ្នំពេញ ៖ តបតម្រូវការរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងបរិស្ថានបានផ្តល់ទុនដល់សហគមន៍ចំនួន ៣២សហគមន៍ ដែលក្នុងនោះ មានសមាជិកសហគមន៍ចំនួន ៩៥០ គ្រួសារ ដែលគ្រួសារចំនួន ៣១៧ គ្រួសារទទួលបាន ពី១-៣ ក្បាល គ្រួសារចំនួន ២២០ គ្រួសារទទួលបាន ៣ក្បាលពូជឦសានក្នុងមួយគ្រួសារ គ្រួសារចំនួន ៣៦៨គ្រួសារទទួលបានមាន់ ១៥-៤០ក្បាលក្នុងមួយគ្រួសារ។ ជាបន្តបន្ទាប់គ្រួសារទាំង ៩៥០ បានផ្តល់សត្វទៅដល់សមាជិកថ្មី យោងតាមកិច្ចសន្យាដែលបានធ្វើឡើងរវាងបន្ទីរបរិស្ថាន និងគ្រួសារទទួលទុននេះ។ នេះជាការលើកឡើងពីលោក នេត្រា អ្នកនាំពាក្យ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
លោកបន្តថា, ក្នុងឆ្នាំ២០២០ រហូតដល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី២១៦ក្បាល សត្វគោខ្មែរចំនួន ១៥៣ក្បាល គោពូជកាត់ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀម ២៤៧ក្បាល ពពែ ២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល រួមមាន៖
១- កសិដ្ឋានប្រជាពលរដ្ឋនៅក្នុខេត្តព្រះវិហារ
២- សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ
៣- តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក)
៤- កងទ័ព នៃយោធភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទ
៥- កសិដ្ឋាននៅស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ
៦- កសិដ្ឋានបាក់ខែង រាជធានីភ្នំពេញ
៧- កសិដ្ឋានចិញ្ចឹមសត្វនៅខេត្តកំពង់ស្ពឺ
៨- កសិដ្ឋានប្រជាពលរដ្ឋនៅកោះសំរោង ខេត្តកំពង់ចាម
៩- កសិដ្ឋាននៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានផ្តល់ការលើកទឹកចិត្តដល់សហគមន៍ ប្រជាពលរដ្ឋចិញ្ចឹមសត្វនេះ រៀបចំឡើង ក្រៅពីគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ចាប់ផ្តើមពីឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងងជីវភាពសហគមន៍ នាពេលកន្លងមក។
ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមការពារនិងអភិរក្សព្រៃឈើ សត្វព្រៃ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទាំងអស់គ្នា។ ប្រជាលរដ្ឋត្រូវផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់៕
ដោយ ៖ សិលា