នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី ៩ខែកុម្ភៈ បានប្រកាសថា ប្រទេសរបស់លោកនឹងលុបចោលការធ្វើចត្តាឡីស័កចំពោះអ្នកដែលបានឆ្លងកូវីដ-១៩ ប្រសិនបើអ្នកឆ្លងមិនកើនឡើងខ្ពស់នោះ។
កន្លងមក លោក Boris Johnson ធ្លាប់បានប្រកាសថា លោកនឹងលុបការធ្វើចត្តាឡីស័កចំពោះអ្នកឆ្លងកូវីដ-១៩ នៅថ្ងៃទី ២៤ខែមីនា ។ ប៉ុន្តែការប្រកាសជាថ្មីនៅថ្ងៃទី៩ខែកុម្ភៈ លោកបញ្ជាក់ថា ការលុបវិធានការរឹតត្បិតការធ្វើចត្តាឡីស័កគឺមុនពេលកំណត់មួយខែ។
ការប្រកាសខាងលើរបស់នាយករដ្ឋមន្ត្រី Boris Johnson ទទួលបានការគាំទ្រយ៉ាងខ្លាំងពីគណបក្សប្រឆាំង ។ លោក Boris Johnsonបញ្ជាក់ថា «ប្រសិនបើស្ថានភាពនៃការឆ្លងកូវីដ-១៩ កាន់តែប្រសើរនោះ រាល់វិធានការរឹតត្បិតនឹងត្រូវលុបចោល»។
ប៉ុន្តែវិធានការខាងលើអាចនឹងមិនទទួលបានការគាំទ្រពីមន្ត្រីសុខាភិបាល ក៏ដូចជាក្រុមគ្រួពេទ្យ នោះទេ ដោយសារតែនៅមានអ្នកជំងឺជាច្រើន ហើយប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុបក្រៅពីអង់គ្លេស មានចំនួនពលរដ្ឋចាក់វ៉ាក់សាំងនៅទាបនៅឡើយ។
ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេសបានថយចុះខ្លាំង នៅដើមឆ្នាំ២០២២ បើទោះបីបានបន្ថយការរឹតត្បិតក្តី ។ នៅថ្ងៃទី ៩ខែកុម្ភៈ អង់គ្លេសរកឃើញករណីវិជ្ជមានកូវិដ-១៩ចំនួន ៦៨.២១៤នាក់ និងស្លាប់ ២៧៦នាក់៕ ដោយ៖ សាធី
រូបថត៖AP