ព័ត៌មានទាន់ហេតុការណ៍៖

មុនអញ្ជើញឡើងយន្តហោះ សម្តេចតេជោ ហ៊ុនសែន ផ្តាំឱ្យពលរដ្ឋ យកចិត្តទុកដាក់ការពារខ្លួនពីជំងែកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) !

ចែករំលែក៖

ភ្នំពេញ៖ សូមឱ្យពលរដ្ឋបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដោយយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់។

នេះជាប្រសាសន៍ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដាំទៅកាន់ជនរួមជាតិ មុនអញ្ជើញឡើងយន្តហោះទៅសាធារណរដ្ឋកូរ៉េខាងត្បូង ។ 

សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើហ្វេសប៊ុករបស់សម្ដេច មុនយន្តហោះចាកចេញពីប្រទេសកម្ពុជាថា សម្ដេចនឹងអញ្ជើញទៅចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះនឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

សម្ដេចក៏បានឲ្យដឹងថាក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល (Seoul) សម្ដេចនឹងជួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ល។ ទន្ទឹមនឹងនោះដែរ សម្ដេចនឹងមានជំនួបជាមួយលោក បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

សម្ដេចបានផ្ដាំផ្ញើទៅកាន់ជនរួមជាតិថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ» ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា»។

គួររំលឹកផងដែរថា ដោយបារម្ភទាក់ទងនឹងការកើនឡើងករណីកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនៅកម្ពុជា កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ សម្ដេចតេជោ បានស្នើឱ្យពលរដ្ឋពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលនៅតាមទីតាំងជួបជុំនានាដូចជាក្លឹបកម្សាន្ត បារ រង្គសាល ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍ ពិធីសាសនា និងការជួបជុំផ្សេងទៀតធ្វើយ៉ាងណារក្សាគម្លាតកាត់បន្ថយមនុស្សឱ្យបានកាន់តែតិច។ សម្ដេចថានេះមិនមែនជាការដើរថយក្រោយនៃការបើកប្រទេសទេ តែជាការការពារនូវមហន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិ។

សូមជម្រាបជូនថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៦១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,០៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៧,១៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៨១% ។ 

រហូតដល់ ថ្ងៃទី១០ ខែកុម្ភៈ​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៦២នាក់​ (ឆ្លងសហគមន៌​:​ ​​២២៦ នាំចូល:​ ៣៦ នាក់) និងមានជាសះស្បេីយ​ ៧៦ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២២៤៦៨ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៨៤២០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2813769  ស្មេីនឹង​ 166495 ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

ដោយ ៖ សិលា


ចែករំលែក៖