ភ្នំពេញ ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អេីលមួយបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈដែលស្ត្រីម្នាក់បានសម្រេចចិត្តលោតពីលើអគារខុនដូរជាន់ទី៨មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំអង្គរជ័យ ខេត្តកំពត ។
បេីតាមប្រភពព័ត៌មានពីមិត្តភក្តិរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃខែឆ្នាំខាងលើ ស្ត្រីរងគ្រោះបានទៅលេងមិត្តភក្តិនៅបន្ទប់លេខ៨០២ ជាន់ទី៨ ដោយនាងបានខលទៅមិត្តភក្តិជាច្រើនលើកច្រើនសា តែមិត្តភក្តិមិនទទួលទូរស័ព្ទដោយសារកំពុងលង់លក់ក្នុងដំណេក ។
បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទទៅមិត្តភក្តិមិនលើកហើយនោះ ស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ដាក់អីវ៉ាន់នៅក្បែរនោះ ហើយក៏សម្រេចចិត្តបើកបង្អួចលោតពីលើអគារខុនដូជាន់ទី៨មកដល់ដីបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយផ្នែកជំនាញចុះធ្វើអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យពិនិត្យលើសាកសពនិងសាកសួរព័ត៌មានបន្ថែម ។
ក្នុងករណីនេះដែរ លោក កឹម កល្យាណ អធិការរងនគរបាលខណ្ឌមានជ័យទទួលផែនយុត្តិធម៌បានឱ្យដឹងថា បន្ទាប់ពីធ្វើកោសល្យវិច័យពិនិត្យលើសពស្ត្រីរងគ្រោះ និងសួរនាំព័ត៌មានល្អិតល្អន់រួចមកបានបញ្ជាក់ឱ្យឃើញថា ករណីនេះគឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯង (លោតសម្លាប់ខ្លួនឯង) ដោយមិនពាក់ព័ន្ធករណីឃាតកម្មនោះឡើយ ។
បច្ចុប្បន្ននេះ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យជាបណ្តោះអាសន្ន ដេីម្បីរង់ចាំទំនាក់ទំនងទៅកាន់សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនាពេលក្រោយ ។
គួររំលឹកថា បេីតាមការឱ្យដឹងពីស្ត្រីជាមិត្តភក្តិជនរងគ្រោះ គឺស្ត្រីរងគ្រោះឧស្សាហ៍ពិបាកចិត្តញឹកញាប់ណាស់ ហើយនាងក៏ចេះតែមានបញ្ហាផ្ទាល់ខ្លួនជាបន្តបន្ទាប់ផងដែរ ។ តែនៅវេលាកើតហេតុ បើនាងដឹងថាស្ត្រីរងគ្រោះជាមិត្តភក្តិមកលេងបន្ទប់នាង ក៏នាងបើកទ្វារទទួលផងដែរ ប៉ុន្តែមិនបានដឹងសោះ ព្រោះនាងបានបិទសំឡេងទូរស័ព្ទ ហើយសម្រាកបាត់ទៅហើយ ។ លុះព្រឹកឡើងទើបដឹងរឿងហេតុ ដោយសារប៉ូលិសហៅសួរនាំអំពីការស្លាប់របស់មិត្តភក្តិខ្លួន ៕
ដោយ ៖ ភារ៉ា ដង្កោ