ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  វេលាដែលភ្ញៀវកំពុងពិសា លោកអ្នកដើមការដែលភ្ញៀវត្រូវតែគួរសមនឹងភ្ញៀវគ្រប់គ្រប់វង់ ហើយបន្លឺនូវវាចាសួរថា “ឆ្ងាញ់ពិសារឬយ៉ាងណាទៅ” ទាំងសម្ដែងសេចក្តីមេត្រីអរគុណផង។

  របៀបនេះ អាចធ្វើបានទាំងខាងភ្ញៀវប្រុស ទាំងខាងភ្ញៀវស្រី គ្រាលៀងរួចហើយ យើងត្រូវរំពៃមើលបើឃើញភ្ញៀវរៀបចំខ្លួន នឹងលាអ្នកផ្ទះខាងស្រី គប្បីរកទីកន្លែងត្រង់ណាមួយល្មមភ្ញៀវស្រីលាបាន ។ ខាងប្រុសសោតទៀតអ្នកផ្ទះខាងប្រុសក៏ត្រូវនៅឯមាត់ទ្វាររបងផ្ទះ ចាំគួរសមទទួលជូនដំណើរភ្ញៀវដែលលាទៅវិញ។

  របៀបនេះសម្រាប់តែសាមញ្ញជនទេ។ បើព្រះមហាក្សត្រខត្តិយត្រកូលវិញ ព្រះអង្គប្រោសព្រះរាជទានលៀងសព្វមុខមន្ត្រី កវី បណ្ឌិតនោះបណ្ដាយើងជាខ្ញុំ ក្រោមល្អងធូលីព្រះបាទ ការចូលមកក៏ត្រូវចូលទៅក្រាបបង្គំថ្វាយបង្គុំដល់កន្លែងដែលព្រះអង្គគង់ រង់ចាំភ្ញៀវនឹងថ្វាយបង្គំលាវិញ។ យើងក៏ត្រូវចូលក្រាបបង្គំលាដល់ទីដែលព្រះអង្គទ្រង់ប្រថាប់នៅនោះវិញដែរ។

  ភ្ញៀវដែលចូលមកទទួលព្រះរាជទានលៀងតាមព្រះរាជឱង្កាត្រាស់អញ្ជើញនោះ កាលមកដល់ គាល់ព្រះមហាក្សត្រដល់ប្រាសាទហើយ មើលឃើញព្រះអង្គហើយត្រូវដើរតម្រង់ចូលទៅក្រាបថ្វាយបង្គំកុំបង្អង់កុំងាកឆ្វេងស្ដាំគួរសមនិងភ្ញៀវដូចគ្នាឡើយ។ថ្វាយបង្គំហើយ ទើបគួរសមនឹហភ្ញៀវដូចគ្នាជាខាងក្រោយចុះ។

  គារវកិច្ចនេះមិនមែនចំពោះតែព្រះមហាក្សត្រមួយព្រះអង្គទេ គឺទូទៅ ត្រូវយើងជាភ្ញៀវគប្បីគួរសមនឹងម្ចាស់ផ្ទះជាមុនសិន សឹមគួរសមនិងភ្ញៀវដូចគ្នាជាខាងក្រោយ ទាំងកាលមកដល់នឹងការវិលត្រឡប់ទៅវិញ។

  មួយវិញទៀត តាមប្រវេណីខ្មែរតែភ្ញៀវមកដល់ហើយ អ្នកផ្ទះត្រូវទទួលបដិសណ្ឋារ: អញ្ជើញឱ្យអង្គុយនៅទីមួយដ៏សមគួរ និងត្រូវជូនបារី ស្លា ទឹកក្តៅ ទឹកត្រជាក់តាមការគួរ។

  ដល់ភ្ញៀវពិសាក្រយាហើយ ក៏ត្រូវជូនទៀតសម្រាប់លាងមាត់ដូចជាតែក្តៅ កាហ្វេ ឬសុរាអ្វីមួយបែបដែលគេប្រើសម្រាប់ទទួលទានក្រោយអាហារ។(នៅមានត)

 

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតា


ចែករំលែក៖