ខេត្តស្វាយរៀង ៖ រថយន្តកុងតឺន័រមួយគ្រឿងថយក្រោយឆ្លងទទឹងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសបែកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ១៤ខែកុម្ភៈ២០២២ នៅលើផ្លូវជាតិលេខ ៣១៦ ស្ថិតនៅចំណុច ភូមិ ព្រៃស្ទៀង ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះមុំ ធឿន អាយុ ៤៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិព្រៃស្ទៀងឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងជិះម៉ូតូម៉ាក Honda Dream ពណ៌ក្រហមពាក់ស្លាកលេខស្វាយរៀង ១A.៤៩១២ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបន្សល់តែរថយន្តកុងតឺន័រម៉ាកHlNO ពាក់ស្លាកលេខព្រៃវែង ៣A.១៣៦៧ ពណ៌ត្រួយចេកនៅនឹងកន្លែងកើតហេតុ។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រម៉ាក HINO ពណ៌ត្រួយចេកពាក់ស្លាកលេខព្រៃវែង ៣A.១៣៦៧ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងហើយក៏បានថយក្រោយឆ្លងទទឹងផ្លូវខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ក្រហមពាក់ស្លាកលេខស្វាយរៀង ១A.៤៩១២ក្នុងទិសដៅពីជើងទៅត្បូងក៏បុកយ៉ាងពេញ ទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសបែកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ក្រោយមកអ្នករងរបួសត្រូវបានបងប្អូនក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកជីភូ ចំណែកវត្ថុតាងធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕
ដោយ៖យឹម សុថាន