ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទី១គ្រាប់ដ៏អស្ចារ្យក្នុងម៉ោងបន្ថែម ជួយឲ្យក្រុមយក្សបារាំង Paris St-Germain ផ្តួលក្រុមជើងឯក Champions League ១៣សម័យ Real Madrid ក្នុងជើងទី១នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងលទ្ធផល១ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅ Real Madrid នៅរដូវក្តៅបានទទួលបាល់ពីកីឡាករNeymar ហើយបានស៊ុតផុតខ្សែការពារ២នាក់នៅខាងក្នុងប្រអប់ទីដោយផុតដៃអ្នកចាំទីThibaut Courtois ក្នុងកីឡដ្ឋាន Parc des Princes ជួយឲ្យក្រុម PSG មានក្តីសង្ឃឹមសម្រាប់ការប្រកួតនៅជើងទី២។ វាជាការបញ្ចប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ការប្រកួតដែលមើលទៅនឹងបញ្ចប់ដោយការខកចិត្តសម្រាប់ PSG ជាពិសេសបន្ទាប់ពីខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់ប៉េណាល់ទីរបស់គាត់មួយគ្រាប់ ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទីរបស់ Real Madrid។
ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ ហើយបានបំបែកតំបន់ការពាររបស់ Real Madrid ដែលរៀបចំយ៉ាងល្អ បើទោះបីជាក្រុមPSG ព្យាយាមស៊ុតបាល់បញ្ចូលទីក្នុងតង់ទីមួយដោយMbappe ប៉ុន្តែត្រូវបានអ្នកចាំទី Courtois ជួយសង្គ្រោះបានញឹកញាប់ ។
ជ័យជម្នះនេះនឹងផ្តល់ឱ្យក្រុម PSG មានក្តីសង្ឃឹមឲ្យពួកគេអាចធ្វើដំណើរទៅកាន់ទឹកដី Real Madrid នៅថ្ងៃពុធទី៩ ខែមីនាខាងមុខ ហើយបើសិនជាក្រុម PSG ទទួលបានលទ្ធផលដែលពួកគេបានធ្វើនៅជើងទី១ នោះក្រុមនេះនឹងរក្សាក្តីសង្ឃឹមក្នុងការឈ្នះពានរង្វាន់ Champions League ជាលើកដំបូងជាមិនខាន។
ចំណែកក្រុម Real Madrid ក៏មិនទាន់អស់សង្ឃឹមដែរ ដោយនៅប្រកួតជើងទី២ខាងមុខក្នុងទឹកដីខ្លួនឯង ចាំបាច់ត្រូវការឈ្នះយ៉ាងតិច១ ឬ២ទល់០ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ បើសិនជាប្រកួតនៅជើងទី២ បានលទ្ធផលស្មើនោះគឺក្រុមនេះធ្លាក់ដោយស្វ័យប្រវត្តិ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)