ក្រុមមេឃខៀវ Manchester City កំពុងតែឆ្ពោះទៅរកក្តីសង្ឃឹមទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងការបំបាក់ក្រុមម្ចាស់ផ្ទះ Sporting Lisbon ក្នុងការប្រកួតជើងទី១ ក្នុងទឹកដីប្រទេសព័រទុយហ្គាល់ក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងលទ្ធផល៥ទល់០។ ដូចដែលពួកគេបានធ្វើច្រើនក្នុងរដូវកាលនេះ Man City បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដើម្បីផ្តល់ឱ្យពួកគេនូវជ័យជម្នះជាបន្តបន្ទាប់ក្នុងការប្រកួតទាំងនៅ Champions League និងនៅលីគកំពូលអង់គ្លេស ។
ការប្រកួតបានត្រឹម៧នាទីកីឡាករ Riyad Mahrez រកបាន១គ្រាប់ដំបូងឲ្យ Man City ហើយ១៧នាទីក្រោយមកខ្សែបម្រើ Bernardo Silva រកបានគ្រាប់បាល់ទី២យ៉ាងងាយស្រួល។ នៅនាទីទី៣២ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសPhil Foden ក៏បានបន្ថែម១គ្រាប់ទៀតដែលជាគ្រាប់ទី៣ និងបន្តដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ Sporting ជាបន្តបន្ទាប់ ហើយមិនយូរប៉ុន្មានគឺនៅនាទីទី៤៤ជិតចប់តង់ទី១ ខ្សែបម្រើ Bernardo Silva ដដែលរកបាន១គ្រាប់ទៀតដែលជាគ្រាប់ទី៤ក្នុងតង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Man City នៅតែគ្រប់គ្រងបាល់បានច្រើន និងព្យាយាមសម្រុកទៅមុខទីក្រុម Sporting ជាញឹកញាប់។ នៅនាទីទី៥៨ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសម្នាក់ទៀតគឺ Sterling ទទួលបានឱកាសរកបានគ្រាប់បាល់ទី៥ដែលធ្វើឲ្យក្រុមភ្ញៀវមួយនេះទទួលបានលទ្ធផលយ៉ាងធំធេង។
លទ្ធផលឈ្នះដ៏អស្ចារ្យនេះក្នុងការប្រកួតក្រៅដីក្នុងវគ្គជម្រុះក្នុងក្របខ័ណ្ឌ Champions League បានផ្តល់ឱ្យ Man City នូវជ័យជម្នះក្រៅដីដ៏ធំបំផុតរួមគ្នារបស់ពួកគេនៅអឺរ៉ុបកម្រិតជាមួយនឹងជ័យជម្នះ ៥-០ នៅលើទឹកដី Steaua Bucharest ក្នុងវគ្គ play-off នៃការប្រកួតនេះកាលពីឆ្នាំ២០១៦-២០១៧។
ក្រុម Sporting នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Manchester City សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃពុធ ទី១៦ ខែមីនាខាងមុខ ហើយអាចនឹងមានសង្ឃឹមតិចតួចក្នុងការដណ្តើមជ័យជម្នះវគ្គ១៦ក្រុមនេះ។ ជ័យជម្នះនៅពេលនេះធ្វើឲ្យក្រុម Manchester City ក្លាយជាក្រុមដំបូងគេដែលស៊ុតបញ្ចូលទីបានដល់ទៅ៤គ្រាប់នៅក្នុងតង់ទី១នៃការប្រកួតវគ្គជម្រុះក្នុងក្របខ័ណ្ឌ Champions League ចាប់តាំងពីក្រុម Bayern Munich បានផ្តួលក្រុម Barcelona ៨-២ ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីឆ្នាំ២០២០។
ក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងតែមានសង្ឃឹមខ្ពស់ផងដែរក្នុងការឈ្នះពានរង្វាន់ Premier League ជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីទទួលបាន៦៣ពិន្ទុពី២៥ប្រកួតឈរកំពូលតារាង ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)