ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ នេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ បានទទួលពលករវិលត្រឡប់ពីថៃមកស្រុកវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះរួមសហការជាមួយកម្លាំងប៉ុស្តិ៍អូរអន្លក់ កម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ។
មន្ត្រីនគរបាលការពារព្រំដែនបានឲ្យដឹងថា ប្រជាពលរដ្ឋបានចូលទៅស៊ីឈ្នួលធ្វើពលករនៅថៃយូរខែមកហើយ ហើយការវិលត្រឡប់មកមាតុភូមិវិញពេលនេះមានចំនួន ១៧៥នាក់ (ស្រី ៦៩នាក់) ក្មេង ២៩នាក់ (ក្មេងស្រី ១២នាក់)។ នៅពេលមកដល់កម្ពុជាវិញ សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ដោយ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖
-វិជ្ជមានកូវីដ-១៩ មាន១នាក់ (ប្រុស)។ដោយឡែកពលករចំនួន ៤៨នាក់ (ស្រី ១៨នាក់) ក្មេង ៧នាក់ (ស្រី ១នាក់) ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១២៦នាក់ (ស្រី ៥១នាក់) ក្មេង ២២នាក់ (ស្រី ១១នាក់)។ ជាមួយនេះគ្រូពេទ្យបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ១៤នាក់ (ស្រី ៣នាក់) ទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕
ដោយ ៖ ប្រាថ្នា