ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនផ្តល់ថវិកា ១,៧៩៩,១៦៦ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍

ចែករំលែក៖

ភ្នំពេញ ៖ ជប៉ុនផ្តល់ថវិកា ១,៧៩៩,១៦៦ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

នេះបើយោងតាមផេកស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, នៅថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៧៩៩,១៦៦ ដុល្លារ អាមេរិក ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ អង្គភាពទទួលជំនួយឈ្មោះ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងទទួលបានថវិកាចំនួន ៩០០,៧៨៧ ដុល្លារអាមេរិក ដើម្បីអនុវត្ត ”គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី២)” និង ថវិកាចំនួន ៨៩៨,៣៧៩ ដុល្លារអាមេរិកទៀត ដើម្បីអនុវត្ត “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី២)” ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការ JMAS បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយលោកបានថ្លែងអំណរគុណចំពោះអង្គការ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។ ទោះបីជាគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាការកែលម្អកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងកម្ចីប្រាក់យ៉េនសម្រាប់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩ ជារឿយៗត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានា រដ្ឋាភិបាលជប៉ុនចាត់ទុកថាការធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានកម្ពុជាគឺមានសារៈសំខាន់ដូចគ្នា ក្នុងការចូលរួមចំណែកកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕

ដោយ ៖ សិលា


ចែករំលែក៖