ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធជាច្រើនគ្រាប់ផ្អើលប្រជាពលរដ្ឋទាំងយប់នៅខណ្ឌជ្រោយចង្វា(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច២នាក់បានរងរបួសធ្ងន់ដោយសារតែជនសង្ស័យម្នាក់យកកាំបិតចាក់មកលើ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ត្រង់ចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ហើយជនដៃដល់បានរត់ ទៅដល់ភូមិដើមគ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

   យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ដំបូងឡើយជនសង្ស័យម្នាក់កំពុងតែឈរលក់គ្រឿងញៀននៅជិតតារាងបាល់ជាប់គល់ស្ពានជ្រោយចង្វាត្រើយខាងកើត។ ពេលសមត្ថកិច្ចឃើញដូច្នេះក៏បានចូលទៅចាប់ជនសង្ស័យ ក៏ប៉ុន្តែជនសង្ស័យរើបម្រះបានដកកាំបិតពីចង្កេះចាក់ទៅលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ហើយសមត្ថកិច្ចដែលនៅជិតនោះក៏ដកកាំភ្លើងបាញ់ឡើងលើគំរាមចំនួនពីរគ្រាប់ធ្វើឱ្យជនសង្ស័យភ័យក៏រត់ចេញពីកន្លែងកើតហេតុតាមមាត់ទន្លេឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែល១គីឡូម៉ែត្រទៅដល់កុងស៊ីកាប់គោក៏ពួនសំងំនៅក្នុងកន្លែងបន្ទប់ជួលមួយ បង្កឱ្យមានការ ភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋានទាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀននិងកងរាជអាវុធហត្ថនាំគ្នាមកដល់កន្លែងដែលជនសង្ស័យសម្ងំលាក់ខ្លួនក៏បានវ៉ៃទម្លុះទ្វារស័ង្កសីដើម្បីចាប់ជនសង្ស័យ ខណៈនោះជនសង្ស័យបានស្ទុះមកចាក់ត្រូវមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតបណ្ដាលឱ្យរងរបួស ហើយភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ពេលនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត ដែលក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះបានប្រើរយៈពេលកន្លះម៉ោងទើបចាប់ជនសង្ស័យដែលជាអ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅភូមិកើតហេតុខាងលើបាន។

   បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនយកទៅសួរនាំនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖