ភ្នំពេញ ៖ ក្នុងស្មារតីបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការអាស៊ានឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការគាំទ្រលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងនានា ស្របតាមខ្លឹមសារ នៃប្រធានបទរបស់អាស៊ានណាប៉ូល លើកទី៤០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតអាស៊ានណាប៉ូល លើកទី៤០ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ម្សិលមុិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន០៥ ដល់សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ដែលរួមមាន ៖
ទី១-អនុវត្តសេចក្តីថ្លែងការណ៍រួម នៃសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ គ្រប់គណៈកម្មការជំនាញ A B C នឹងពិនិត្យឡើងវិញនូវសកម្មភាពទាំងឡាយដែលសម្រេចបាន ក្នុងរយៈពេល ០២ឆ្នាំកន្លងទៅ ព្រមទាំងបន្តពិភាក្សារិះរកនូវវិធានការគន្លឹះនានា ដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមរបស់សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ថ្មីៗ សំដៅរួមចំណែករក្សាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពក្នុងសហគមន៍អាស៊ាន និងលើសកលលោក។
ទី២-អាស៊ានណាប៊ូល បានបង្កើតឡើងនូវក្របខ័ណ្ឌការងារ និងពិធីសារមួយចំនួន ដើម្បីពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ តំបន់ និងអន្តរជាតិ។ កត្តាគន្លឹះសំខាន់នោះគឺ ត្រូវតែធ្វើឱ្យពិធីសារទាំងនោះ កា្លយជាឯកសារដែលមានចលនាផ្តល់ប្រយោជន៍ទៅវិញទៅមក តាមរយៈការរៀបចំយន្តការ និងផែនការសកម្មភាពជាក់ស្តែង ឆ្លើយតបយ៉ាងសមស្របទៅតាមគោលបំណង និងសំណូមពរ ព្រមទាំងខ្លឹមសារ នៃពិធីសារសហប្រតិបត្តិការដែលបានឯកភាពគ្នាបង្កើតឡើង។
ទី៣-គិតចាប់ពីឆ្នាំ១៩៨៨ រហូតដល់ពេលនេះ អាស៊ានណាប៉ូលមានដៃគូសន្ទនាចំនួន ១១ប្រទេស/ស្ថាប័ន ដែលវឌ្ឍនភាពនេះ បានឆ្លើយតបយ៉ាងពេញលេញ ស្របតាមចក្ខុវិស័យនៃសហគមន៍អាស៊ាន ក្នុងការធ្វើការឱ្យកាន់តែស៊ីជម្រៅ នៃតំណរភ្ជាប់អន្តរតំបន់ ដោយលើកស្ទួយភាពជាដៃគូ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ សម្ដេចក្រឡាហោម សូមលើកទឹកចិត្តក្នុងការបន្តពង្រីកទំនាក់ទំនង បង្កើតបន្ថែមទៀតនូវដៃគូសន្ទនា សំដៅប្រមូលផ្តុំនូវថាមពលគាំទ្រធ្វើឱ្យសហគមន៍អាស៊ាន កាន់តែរឹងមាំ និងលេចធ្លោប្រកបដោយកិត្យានុភាព។
ទី៤-គោលដៅអាទិភាពរបស់អាស៊ាននាពេលខាងមុខគឺ អាស៊ានរួមគ្នាធ្វើ ការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដោយដាក់ចេញនូវគោលដៅពង្រឹងសសរស្តម្ភទាំង០៣ ដែលក្នុងនោះ បណ្តាចំណុចអាទិភាពនៃសហគមន៍នយោបាយ សន្តិសុខ គឺជាស្នូល និងជាបង្អែកសម្រាប់បម្រើឱ្យប្រយោជន៍ និងវឌ្ឍនភាពនៃសហគមន៍និងសេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌អាស៊ាន។ ដូច្នេះកិច្ចប្រជុំនៃគណៈកម្មការជំនាញនីមួយៗ គប្បីរិះរកនូវមធ្យោបាយ ឬវិធីសាស្ត្រគន្លឹះសំដៅ លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសង្គម នាំមកនូវវិបុលភាពសម្រាប់សហគមន៍ ពិសេសការការបង្កើតបរិយាកាសអំណោយ ផលគាប់ប្រសើរសម្រាប់គាំទ្រដល់ការស្ទុះងើបឡើងនៃប្រទេសនីមួយៗ ក៏ដូចជា តំបន់ទាំងមូល បន្ទាប់ពីការញាំញីដោយជំងឺកូវីដ-១៩។
និងទី៥-រហូតមកដល់ពេលនេះ យើងក៏ពិនិត្យឃើញដែរថា សមត្ថភាព ជំនាញវិជ្ជាជីវៈ រវាងកងកម្លាំងអនុវត្តនៃបណ្ដាប្រទេសជាសមាជិកអាស៊ានណាប៉ូល នៅតែមិនទាន់មានតុល្យភាព ដែលធ្វើឱ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុង ចំណោមប្រទេសជាសមាជិកនៅមានកម្រិត ដែលបញ្ហានេះក៏ជាការផ្ដល់ឱកាសដល់ពួកឧក្រិដ្ឋជនពង្រីកសកម្មភាព នៅតាមគោលដៅដែលមិនទាន់រឹងមាំ។ ក្នុងន័យនេះ កត្តាចម្បងបំផុតរបស់អាស៊ានណាប៉ូលនាពេលខាងមុខ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការជាមួយដៃគូពិភាក្សា ជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការកសាងធនធានមនុស្សបង្កើតឱ្យបាននូវតុល្យភាពរវាងដៃគូសហប្រតិបត្តិការ អនុវត្តច្បាប់ ទាំងក្នុង និងក្រៅតំបន់ ដោយមានផែនការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងកងកម្លាំងអនុវត្តច្បាប់៕
ដោយ ៖ សហការី