ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ។
នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ពីសក្តានុពលខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់សក្តានុពលពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនោះរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុជាបន្តបន្ទាប់មានដូចជាកំពង់ផែសមុទ្រទឹកជ្រៅ។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីកផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ។ ខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់ពីរាជ ធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការនៅខែ៧ ឆ្នាំ២០២២ ខាងមុខនេះ។ កន្លងមកខេត្តព្រះសីហនុ ទទួលនាវាកងទ័ពជើងទឹកនៃសាធារណរដ្ឋឥណ្ឌាចូលចតជាបន្តបន្ទាប់មានចំនួន ១១លើក ស្មើនឹង១៦គ្រឿង។ ខេត្តព្រះសីហនុមានកោះ៣២ ឆ្នេរខ្សាច់ប្រវែង១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាងតាមបណ្តោយឆ្នេរ ជាសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ និងការវិនិយោគ។
លោកអភិបាលខេត្ត បានបន្តថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការមានរយៈពេល៧០ឆ្នាំ ដោយប្រទេសទាំងពីរមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ទេសចរណ៍ និងអប់រំទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ អ្វីដែលប្រជាជនកម្ពុជានៅចងចាំ គឺឥណ្ឌាបានផ្ដល់ជំនួយមនុស្សធម៌ក្នុងគ្រា ដែលកម្ពុជាជួបការលំបាក និងបន្តការគាំទ្រសន្តិភាពនៅកម្ពុជា ធ្វើឱ្យកម្ពុជាមានឱកាសកសាង និងអភិវឌ្ឍប្រទេសជាតិ។ លោកអភិបាលខេត្ត ក៏បានស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូតជួយផ្សព្វផ្សាយ និងជំរុញអ្នកទេសចរ និងអ្នកវិនិយោគឥណ្ឌាមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន។
ជាមួយគ្នានោះ លោកស្រី Devyani Utta Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណលោកអភិបាល ដែលបានអនុញ្ញាតឱ្យលោកស្រីបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានស្វែងយល់ អំពីសក្តានុពល និងការអភិវឌ្ឍរីកចំរើនក្នុងខេត្តព្រះសីហនុផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីគោលបំណងចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីជួយជំរុញអ្នកទេសចរ និងវិនិយោគឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនោះ លោកស្រី ក៏បានលើកឡើងពីការពិភាក្សាដើម្បីរៀបចំចងសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូន(Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌាផងដែរ។ លោកស្រីអគ្គរដ្ឋទូត ក៏បានណែនាំអំពីគម្រោងហិរញ្ញប្បទានលើទឹកប្រាក់ចំនួន $50,000 ដែលផ្តល់ដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាពិសេសផ្តោតលើការសាងសង់បន្ទប់ទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡា។
បន្ថែមពីនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួនមានដូចជា៖ Logistic and Shipping, Medical and Health Care, IT, Education ជាដើម។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងគាំទ្រនូវគម្រោងរបស់លោកស្រីឯកអគ្គរដ្ឋទូត ដោយលោកបានចាត់ក្រុមការងាររបស់រដ្ឋបាលខេត្ត ចូលរួមសហការជាមួយស្ថានទូតសាធារដ្ឋឥណ្ឌាដើម្បីបំពេញកិច្ចការខាងលើឱ្យបានជោគជ័យ។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានសំនូមពរដល់លោកស្រីឯកអគ្គរដ្ឋទូត ជួយជម្រុញក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌា ឱ្យមកបណ្តាក់ទុនវិនិយោគដោយបង្កើតរោងចក្រផលិតឱសថព្យាបាលជំងឺកូវីដ នៅខេត្តព្រះសីហនុផងដែរ៕
ដោយ៖ស តារា