ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន គិតថា កម្ពុជាមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាព ក្នុងក្របខ័ណ្ឌអាស៊ានផង ក្នុងក្របខ័ណ្ឌជាកម្ពុជាខ្លួនឯងផង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតថា កម្ពុជាមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាព ក្នុងក្របខណ្ឌអាស៊ានផង ក្នុងក្របខណ្ឌជាកម្ពុជាខ្លួនឯងផង ។ ក្នុងក្របខណ្ឌអាស៊ាន គឺសម្តេចកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ព្រោះបើមិនមានការឈប់បាញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះមិនអាចឈានទៅមុខបាន ដូច្នេះយើងត្រូវតែសម្រេច ដើម្បីនឹងធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះជាការចង់បាន សម្រាប់ការចរចាមួយ ក្នុងការរកដំណោះស្រាយ ក្នុងនាមអាស៊ាន។

សូមរម្លឹកថា,បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”  ទទួលបាននៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,  រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន និងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាបនៅពេលនេះ។ 

សូមបញ្ជាក់ថា, សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធា ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ដូច្នេះហើយ យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ឬកិច្ចព្រមព្រៀងឈប់បាញ់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាពប្រកបដោយចីរភាពនៅអ៊ុយក្រែន។ យើងគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាងការឈឺចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនឡើង។

ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រមុខការទូតអាស៊ានទាំង១០ប្រទេស បានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានបញ្ជាក់នូវការជឿជាក់របស់យើងថា នៅតែមានឱកាសនៃការសន្ទនាដោយសន្តិវិធី ដើម្បីគ្រប់គ្រងបាននូវស្ថានការណ៍ និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ព្រមទាំងផលប៉ះពាល់អវិជ្ជមានដែលកើតមាននៅទូទាំងពិភពលោក។ ក្នុងន័យនេះ អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ធ្លាប់មានប្រសាសន៍ថា, មិនអាចធានាសន្តិភាពផ្លូវចិត្តដល់មនុស្សមួយចំនួននោះទេ តែសម្តេចអាចធានាបានថានឹងមិនមានជម្លោះប្រដាប់អាវុធនៅលើដែនដីដ៏កំសត់ (កម្ពុជា) នេះទេ។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈប្រសាសន៍នេះដែលយើងទាំងអស់គ្នាត្រូវចងចាំថា, យើងត្រូវទទួលស្គាល់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ

 – អរគុណសន្តិភាព

– អរគុណនយោបាយ ឈ្នះ ឈ្នះ 

– គោរពដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សុខសន្តិភាព អភិវឌ្ឍន៍ និងឯកភាពជាតិពេញលេញ 

ទាំងនេះហើយដែលធ្វើឲ្យប្រជាជនយើងមានស្នាមញញឹម មានការជួបជុំសប្បាយរីករាយក្នុងក្រុមគ្រួសារប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅតាមលទ្ធភាព។

សូមបញ្ជាក់ថា, សម្តេចបានថ្លែងបែបនេះ ដូចខាងលើនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នាថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ ៕

ដោយ ៖ សិលា


ចែករំលែក៖