ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joo-Ok Lee ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួង។
ជាកិច្ចចាប់ផ្តើម លោក Joo-Ok Lee បានជម្រាបជូនអំពីដំណើរការនៃការរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ច ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ និងបានកោតសរសើរចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បើទោះជាកម្ពុជាស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនលោក Joo Ok Lee អំពីការវឌ្ឍនភាព និងភាពរីកចម្រើនដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ ដែលប្រសូត្រចេញពីគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្ត និងវិធានការប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការីករាលដាលនៃមេរោគ និងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស រហូតឈានដល់ការបើកប្រទេសជាតិឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលធ្វើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជានៅតែដំណើរការ និងរីកចម្រើន ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាមធ្យោបោយសម្រាប់សម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាជនឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការ វិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរួមមាន៖ ការសាងសង់ព្រលានយន្តហោះថ្មី ចំនួន៣តាមស្តង់ដាអន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងគម្រោងលើកកម្រិតគុណភាព និងពង្រីក បណ្តាញផ្លូវថ្នល់សំខាន់ៗដូចជា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនៅក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ-ទីក្រុងហូជីមិញ ជាដើម។
សូមជម្រាបជូនថា៖ ភាគីទាំងពីរបានពិភាក្សាផងដែរអំពីការចូលរួមអនុវត្តលទ្ធផលនៃវេទិកាសេដ្ឋកិច្ច ពិភពលោកកន្លងមក ហើយកម្ពុជាបានចូលរួមអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អតាមរយ: វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានក្រុមការងារតាមវិស័យជាជំនួយការ។ ភាគីទាំងពីរក៏បាន ទទួលស្គាល់ថា៖ ការចូលរួមរបស់កម្ពុជាដែលជាប្រធានអាស៊ាន នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២២ នៅទីក្រុងដាវ៉ុស ប្រទេសស្វីស នឹងមានសារ:សំខាន់យ៉ាងខ្លាំង ដោយហេតុថាវាជាប្រព្រឹត្តិការណ៍មួយនឹងចូលរួមបើកឆាកឡើងវិញនូវកិច្ចប្រជុំដោយផ្ទាល់របស់ពិភពលោកនេះ បន្ទាប់ពីការអាក់ខានដោសារការរីករាលដាលនៃមេរោគកូវីដ-១៩ ដើម្បីធ្វើការពិភាក្សារិះរកមធ្យោបាយល្អៗដែលនាំឱ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញនៅក្នុង និងក្រោយយុគសម័យកូវីដ-១៩។
កិច្ចប្រជុំនេះនឹងមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះវត្តមានរបស់កម្ពុជាសម្រាប់ជំរុញការផ្សព្វផ្សាយពីភាពរីកចម្រើន និងគោលនយោបាយរបស់កម្ពុជា ក៏ដូចជាអាស៊ានទៅកាន់ពិភពលោក ដើម្បីទាក់ទាញនូវ ចំណាប់អារម្មណ៍ ក៏ដូចជាទាក់ទាញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ពីពិភពលោកផងដែរ។ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណ:ប្រតិភូ ជាន់ខ្ពស់របស់កម្ពុជាអញ្ជើញញចូលរួមកិច្ចប្រជុំដ៏មានសារ:សំខាន់នេះនៅក្នុងខែឧសភាខាងមុខ៕
ដោយ៖ស តារា