ព័ត៌មានទាន់ហេតុការណ៍៖

ចិនសន្យាថា នឹងបង្កើនសន្តិភាពនៅក្នុងទំនាក់ទំនងជាមួយកោះតៃវ៉ាន់នៅលើវិថីឯកភាពជាតិ

ចែករំលែក៖

ក្នុងពេលដែលរុស្ស៊ីកំពុងតែវាយប្រហារទៅលើប្រទេសអ៊ុយក្រែនជាអតីតសហភាពសូវៀត នោះ នៅថ្ងៃទី ៦ខេមីនា នេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង បានសន្យាថា នឹងបង្កើនសន្តិភាពនៅក្នុងទំនាក់ទំនងជាមួយកោះតៃវ៉ាន់នៅលើវិថីឯកភាពជាតិ។ ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រឆាំងយ៉ាងដាច់អហង្ការរាល់ចេតនាចង់ផ្តាច់ខ្លួនទៅជាប្រទេសឯករាជ្យ ក៏ដូចជាការជ្រៀតជ្រែកពីបណ្តាប្រទេសលោកខាងលិច។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនដោយមិនអាចកាត់ផ្តាច់បានឡើយ ហើយចិនអាចនឹងប្រើប្រាស់កម្លាំងដេីម្បីបង្រួបបង្រួមជាតិ ប្រសិនបើតៃវ៉ាន់ចង់ប្រកាសឯករាជ្យនោះ។
រយៈពេលកន្លងមក ទីក្រុងប៉េកាំង បានបង្កើនសកម្មភាពនៅជិតកោះតៃវ៉ាន់ ក្នុងពេលដែលកោះតៃវ៉ាន់និងអាមេរិកមានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នា ។ មិនតែប៉ុណ្ណោះអាមេរិកបានលក់អាវុធជាច្រើនឱ្យកោះតៃវ៉ាន់។
នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំសភាជាប្រចាំ នាយករដ្ឋមន្ត្រីចិន លោក លី ខីជាំង បានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងគោរពអនុវត្តទៅតាមច្បាប់ចិនតែមួយ ហើយកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិនមិនអាចខ្វះបាន។
ក្នុងពេលនេះដែរ កោះតៃវ៉ាន់បានប្រតិកម្មទៅលើការប្រកាសរបស់នាយករដ្ឋមន្ត្រីចិន ដោយបានបញ្ជាក់ថា ចិនគួរតែផ្តោតទៅលើការដោះស្រាយរាល់កង្វល់របស់ពលរដ្ឋ និងជំរុញប្រជាធិបតេយ្យជាជាងមកបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក៕ ដោយ៖ ធីរីណា

រូបថត៖AAP


ចែករំលែក៖