ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់បុរសម្នាក់រងរបួសធ្ងន់ ខណៈដេញគោទៅឃ្វាល នៅវាលស្រែ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យរងរបួសធ្ងន់បន្ទាប់ពីដេញគោទៅឃ្វាលនារសៀលវេលាម៉ោង១៧និង៤០នាទីល្ងាចថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២២នៅចំណុចខ្លាគ្រហ៊ឹម ស្ថិតក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ។ 

សមត្ថកិច្ចមូលដ្ឋានប្រាប់ថាបុរសដែលរន្ទះបាញ់មានឈ្មោះស្ងៀម សួប ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ។

 សមត្ថកិច្ចបន្តថាៈ  មុនពេលកើតហេតុជនរងគ្រោះខាងលើបានដេញគោទៅឃ្វាលនៅចំណុចខ្លាគ្រហ៊ឹម ស្ថិតក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោយមកមានភ្លៀងធ្លាក់ និងផ្គររន្ទះ ហើយក៏មានរន្ទះបាញ់ត្រូវជនរងគ្រោះខាងលើតែម្ដង។

ក្រោយពីបានទទួលព័ត៌មានកម្លាំងប៉ុស្ដិ៍ភ្នំដី សហការជាមួយរដ្ឋបាលឃុំភ្នំដីបានចុះទៅដល់ផ្ទះជនរងគ្រោះភ្លាមៗផ្ទាល់តែម្ដង ហើយនឹងបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកភ្នំស្រុក។ 

 យោងតាម របាយការណ៍ពីអធិកានគរបាលស្រុកភ្នំស្រុក នារសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញមានភ្លៀងមួយមេលាយឡំនិងផ្គររន្ទះខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១៣ ខ្នងនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖