ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី១២ ខែមីនានេះ! យានយន្ត​ល្មើស​ច្បាប់​ចំនួន​ ៦៧៧គ្រឿង ត្រូវនគរបាលចរាចរណ៍ទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ថា៖​ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះយានយន្ត​ល្មើស​ច្បាប់​សរុបចំនួន ៦៧៧គ្រឿងទៀត​ហេីយ​ ត្រូវបានកម្លាំងនគរបាលចរាចរណ៍​ នៅទូទាំងប្រទេសកម្ពុជា​ ត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះមានម៉ូតូ ៥០៨គ្រឿង និងរថយន្ត ១៦៩គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ កម្លាំងជំនាញ​របស់​នគរបាលចរាចរណ៍​ បានត្រួតពិនិត្យ និងផាកពិន័យ​ យានយន្តល្មេីសច្បាប់សរុបចំនួន ៤៦,២៣០គ្រឿង ក្នុងនោះមានម៉ូតូ ៣៥,១៦៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ១១,០៦៤គ្រឿង​ ,នេះបេី​គិតថ្ងៃទី១២ ខែមីនា ក្នុងឆ្នាំ២០២២។ 

គួរជម្រាបថា​ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូនោះ​ គឺភាគច្រើនអត់មួក, និយាយទូរស័ព្ទ ,ស្លាកលេខ ,លើសចំណុះ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា ,អត់ប័ណ្ណបើកបរ ,អត់ស្លាកលេខ ,លើសចំណុះ ,ខ្សែក្រវ៉ាត់ ,និយាយ​ទូរស័ព្ទ និងឆៀកដើម។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ​ បានថ្លែងបន្តថា៖​ ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ឯក​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ដោយឡែក​ ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ​ដែរ បានកើតឡើងចំនួន ១១លើក ក្នុងនោះស្លាប់ចំនួន ០៤នាក់ របួស ១១នាក់ (របួសធ្ងន់ ០៩នាក់)។ 

គួរបញ្ជាក់ថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦៩២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣៩២នាក់ របួស ៩២១នាក់ (របួសធ្ងន់ ៦១៦នាក់)​ គិត​ត្រឹម​រយៈពេល៧១ថ្ងៃមកនេះ៕

ដោយ​៖សហការី​


ចែករំលែក៖