ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនឃាតកសម្លាប់ប្រពន្ធខ្លួនឯងនៅខណ្ឌសែនសុខទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យដែលជាឃាតក សម្លាប់ប្រពន្ធខ្លួនឯងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។

   ជនសង្ស័យ​ឈ្មោះ​ រ័ត្ន  វិជ្ជា​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អុីនធើណេត​ ស្នាក់នៅ​ចំណុច​កេីតហេតុ​ខាងលេី​។  ចំណែកជនរងគ្រោះ​ឈ្មោះ​ ហ៊ា​ង​ សុជាតិ​ ភេទស្រី​ អាយុ​២៨ឆ្នាំ​ មុខរបរ​ មេដោះ(មេីលកូនឱ្យគេ​)​ ស្នាក់នៅ​ជាមួយម្តាយ​ ក្នុងខណ្ឌ​ទួលគោក​ ។ 

   សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​០៨​ និង​០០នាទី​ ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២២​ មានការភ្ញាក់ផ្អើលនៅចំណុច​បន្ទប់​ជួល​លេខ០៦​ ក្នុងភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ខណៈដែលសមត្ថកិច្ចខេត្តពោធិ៍សាត់បានផ្តល់ព័ត៌មានតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនបានសម្លាប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី១២​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅចំណុច​បន្ទប់​ជួល​លេខ០៦​ ភូមិ​ ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ ។

   ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា តាមការបំភ្លឺរបស់​ម្តាយជនរងគ្រោះ​ឈ្មោះ​  ថៃ​ គី​  អាយុ​៤៨​ឆ្នាំ​ បានបញ្ជាក់ថា​ កាលពីថ្ងៃទី១១ខែមីនា​ ឆ្នាំ​២០២២​ ជនសង្ស័យ​ បានមកសុំរូបគាត់យកប្រពន្ធទៅដេីរលេង​ ហេីយគាត់ក៏យល់ព្រម​។ ក្រោយមកគាត់មិនឃេីញកូនគាត់ត្រឡប់មកផ្ទះវិញ​ គាត់ក៏បានព្យាយាមខលទៅ​ តែទាក់ទងមិនបាន​ រហូតដល់ថ្ងែទី១៥​ ខែមីនា​ ឆ្នាំ​២០២២​ ទេីបមានប៉ូលិសខេត្តពោធិ៍សាត់​ ខលមកប្រាប់ថា កូនរបស់គាត់ត្រូវបានជនសង្ស័យជាប្តី​សម្លាប់បាត់ទៅហេីយ​ នៅបន្ទប់ជួល​របស់ជនសង្ស័យ​។សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្តិ៍ក្រគ​រ ខេត្តពោធិ៍សាត់​ ។ 

គេមិនទាន់ដឹងច្បាស់ពីមូលហេតុច្បាស់លាស់នៅឡើយទេថាការសម្លាប់ប្រពន្ធរបស់នោះផ្តើមចេញពីអ្វី? ប៉ុន្តែតាមប្រភពខ្លះបានឱ្យដឹងថាសង្ស័យអំពើឃាតកម្មខាងលើនេះអាចកើតចេញពីការប្រចណ្ឌ។

ទោះជាយ៉ាងណានេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះពេលនេះសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀតទើបដឹងមូលហេតុច្បាស់។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖