ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកបង្គោលភ្លើងខ្ទេចរថយន្តមួយកំណាត់មុខ ឯអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់

ចែករំលែក៖

     ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យបាក់ទ្រេតជិតដល់ដី ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង រីឯអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំណុចជាប់សាលាអន្តរជាតិអាមេរិកាំង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាក Toyota Prius ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AG-1670 បើកតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្ដាលឱ្យបាក់ទ្រេតជិតដល់ដី ចំណែករថយន្តខ្ទាតទៅមុខគាបជាប់អ្នកបើកបរនៅក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុជួយគាស់យកចេញមកក្រៅ និងហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖