ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនគ្រូពេទ្យ​ឯកជន​ម្នាក់ និង​ភរិយាទៅកាន់តុលាការ ពាក់ព័ន្ធ​នឹង​ករណី​​ចាក់​ថ្នាំ​កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ បណ្ដាល​ឱ្យ​ស្វិតជើង​មួយ​ចំហៀង​

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ បើ​តាមការបញ្ជាក់ពី​លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះថា៖ បន្ទប់សំរាកព្យាបាល របស់វេជ្ជបណ្ឌិត សូ សារឿន មានទីតាំង នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដែលជាកន្លែងព្យាបាលអោយកុមារីម្នាក់រងគ្រោះពិការជើងឆ្វេងនោះ ត្រូវបិទជាបណ្តោះអាសន្ន ដោយសារតែប្រពន្ធរបស់វេជ្ជបណ្ឌិត សូ សារឿន ឈ្មោះ គី សុកគីម បានប្រព្រឹត្តសកម្មភាពរំលោភលើវិជ្ជាជីវៈពេទ្យ។ ចំណែករូបលោកវេជ្ជបណ្ឌិត សូ សារឿន និងប្រពន្ធឈ្មោះ គី សុកគីម កំពុងស្ថិត ក្នុងការ សើបសួរ និងត្រៀមបញ្ជូនទៅកាន់តុលាការ នៅល្ងាចនេះ​ ដេីម្បីចាត់ការតាមច្បាប់​។  

យោង​តាម​របាយការណ៍​របស់​​ស្នងការនគរបាលខេត្ត​កំពង់ឆ្នាំង​ បានឱ្យដឹងថា​ កាលពីល្ងាច​ថ្ងៃ​ទី​២២ ខែមីនាម្សិលមិញនេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បាននាំ​ខ្លួនលោកវេជ្ជបណ្ឌិត សូ សារឿន និងប្រពន្ធឈ្មោះ គី សុកគីម ​មកសាកសួរនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​រងការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​​ចាក់​ថ្នាំ​កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ បណ្ដាល​ឱ្យ​ស្វិតជើង​មួយ​ចំហៀង​។

សូមរម្លឹកថា​ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​បណ្ដាញ​សង្គម​មួយ​ឈ្មោះ (​ទឹកផុស ស្រុក​ខ្ញុំ​) ដែល​សមត្ថកិច្ច​នគរបាល​បញ្ជាក់​ថា ជា​ឪពុក​កុមារី​រង​គ្រោះ​បាន​សរសេរ​ថា៖ (​ពី​ក្មេង​ស្រី​រាង​កាយ​រឹង​មាំ ក្លាយទៅជា​ក្មេង​ស្រី​ពិការ ដោយសារ​តែ​ពេទ្យ​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ចេះ​ត​ៗ​គ្នា ទើប​កូន​របស់ខ្ញុំ​ក្លាយទៅជា​បែប​នេះ​)​។ ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​ទ្រាំ​ទាំង​ឈឺចាប់ ដោយ​គ្មាន​ការ​ដោះស្រាយ​ពី​ពេទ្យ​មួយ​កន្លែង​នៅ​ផ្សារ​រមាស ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ថ្ងៃនេះ​ក្នុង​នាម​ជា​ឪពុក​របស់​ក្មេង​ស្រី សូម​ជម្រាប​ជូន​បងប្អូន​ទាំងអស់​គ្នា នូវ​ខ្លឹមសារ​ដូច​ខាងក្រោម ៖

ដំបូង​កូនស្រី​ខ្ញុំ គ្រាន់តែ​មាន​អាកា​រៈ​ឈឺក្បាល​ធម្មតា ហើយ​ក៏​បាន​យក​ទៅ​ពេទ្យ​ឯកជន​មួយ​កន្លែង​ឈ្មោះ សូ សា​វឿ​ន ដែល​មា​នទី​តាំងនៅ​ផ្សារ​រមាស ស្រុក​ទឹកផុស ពេល​ទៅ​ដល់​គឺ​ជួប​ប្រពន្ធ​របស់​គ្រូពេទ្យ សូ សា​រឿ​ន ឈ្មោះ​គឹ​ម គាត់​បាន​ព្យាបាល​កូនស្រី​ខ្ញុំ​។ ការ​ព្យាបាល​បាន​មួយ​ថ្ងៃ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ស្អែក​ឡើង​កូនស្រី​ខ្ញុំ​បានជា​ធម្មតា​ក៏​ត្រឡប់​ទៅ​គិតលុយ​នៅផ្ទះ​ពេទ្យ សូ សា​រឿ​ន វិញ​។

ប៉ុន្តែ​ស្ត្រី​ឈ្មោះ​គឹ​ម ដែល​ត្រូវជា​ប្រពន្ធ​របស់​គ្រូពេទ្យ សូ សា​រឿ​ន បាន​សុំ​ចាក់​ថ្នាំ​ផ្ដាច់ ទាំង​ដែល​កូន​ខ្ញុំ​ប្រាប់​ថា បានជា​ហើយ​ក៏​ដោយ ។ តែ​ឈ្មោះ​គឹ​ម នៅ​តែ​ចាក់​ថ្នាំ​ត្រង់​ត្រគាក​កូនស្រី​ខ្ញុំ ត្រូវ​សរសៃ ទើប​ធ្វើ​ឱ្យជើង​កូន​របស់ខ្ញុំ​កន្ត្រាក់​ខ្លាំង​ៗ ហើយ​ចាប់ផ្ដើម​ហើម និង​ស្ពឹក​មួយ​ចំហៀង​ខ្លួន និង​ពិការ​រហូត​មក​…..​។

ជាមួយគ្នានោះ​ លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ បាន​ឱ្យដឹងដែរ​ថា ក្រោយ​ពេល​មានការ​ផុស​ក្នុង​បណ្ដាញ​សង្គម​បែប​នេះ លោក​វេជ្ជបណ្ឌិត ក៏​បាន​ចាត់​ឱ្យ​​មន្ត្រី​ជំនាញ​ចុះ​ទៅ​សម្របសម្រួល​រវាង​ភាគី​គ្រូពេទ្យ​លោក​សូ សា​រឿ​ន និង​ភាគី​កុមារី ដែល​អះអាង​ថា រង​គ្រោះ​ដោយសារ​ការ​ចាក់​ថ្នាំ ដើម្បី​បញ្ចប់រឿង។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ បន្ត​ថា ប៉ុន្តែ​ការ​សម្របសម្រួល​មិន​បាន​លទ្ធផល​ឡើយ ដោយសារ​ភាគី​លោកគ្រូ​ពេទ្យ សូ សា​រឿ​ន នៅ​តែ​ប្រកាន់​ជំហរ​ថា ជើង​កុមារី​ឈ្មោះ​ភី​ន ស្រី​ណែ​ត អាយុ​៩​ឆ្នាំ មិន​បាន​ពិការ​ដោយសារ​ការ​ចាប់​ថ្នាំ​ពី​កន្លែង​ព្យាបាល​គាត់​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង លោក គ្រួ​ពេទ្យ សូ សា​រឿ​ន បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ (​ទឹកផុស ស្រុក​ខ្ញុំ )​ទៅ​វិញ ធ្វើ​ឱ្យ​​រឿង​នេះ​កាន់តែ​វែង​ឆ្ងាយ។ ចំពោះ​ទីតាំង​ព្យាបាល​របស់​លោកគ្រូ​ពេទ្យ សូ សា​រឿ​ន លោក​បានឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​ហើយ បើ​អាជ្ញាប័ណ្ណ​ផុត​សុពលភាព ឬ​គ្មាន​ច្បាប់​នឹង​បិទ​កន្លែង​ព្យាបាល​នោះ​តែ​ម្តង​។

ជុំវិញ​ករណី​ខាងលើ​នេះ បេី​យោង​តាម​ពាក្យបណ្ដឹង​របស់​លោក សូ សា​វឿ​ន អាយុ​៦២​ឆ្នាំ មានមុខ​តំណែង​ប្រធាន​សុខាភិបាល​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង មាន​ទីលំនៅ​ផ្សារ​រមាស ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស បាន​លើក​ឡើង​ថា ៖ ម្ចាស់​ផេ​ក​ឈ្មោះ (​ទឹកផុស ស្រុក​ខ្ញុំ​) បាន​បរិហារកេរ្តិ៍ ខ្ញុំ​ថា ៖ បាន​ព្យាបាល​ក្មួយ​ស្រី ភី​ន ស្រី​ណែ​ត អាយុ​៩​ឆ្នាំ ជា​សាធារណៈ ដោយ​គ្មាន​វិជ្ជាជីវៈ និង​គ្មាន​ការ​ទទួលខុសត្រូវ ។ មិន​ត្រឹម​ប៉ុណ្ណឹង បាន​លួច​ថត​ដោយ​លក្ខខណ្ឌ​មិន​ត្រឹមត្រូវ​បង្ហោះ​ផ្សាយ​ជា​សាធារណៈ ដើម្បី​បរិហារកេរ្តិ៍​បង្ខូច​កិត្តិយស​របស់​ក្រុម​គ្រួសារ​ខ្ញុំ និង​អាជីវកម្ម​ខ្ញុំ​។

ក្នុង​ពាក្យបណ្តឹង​បន្ត​ថា ចំពោះ​ជំងឺ​ក្មួយ​ស្រី​បាន​ទៅ​ព្យាបាល​ជា​ច្រើន​កន្លែង មាន​ទាំង​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ គន្ធ​បុប្ផា​ខេត្តសៀមរាប ជាដើម ដែល​តាម​លក្ខណៈ​បច្ចេកទេស​លទ្ធផល​បាន​បញ្ជាក់​ថា ដោយសារ​របេង​សាច់ដុំ (Tubercucolo myositis ) និង​នៅ​ពេល​ថ្មី​ៗ​នេះ ក្នុង​អំឡុង​ថ្ងៃ​ទី​១៥ ទី​១៦ ខែមីនា ឆ្នាំ​២០២២ អ្នកជំងឺ​នៅ​ទៅ​បើក​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​នៅឡើយ​។

ក្នុង​ពាក្យបណ្តឹង​នេះដែរ ​លោក សូ សា​វឿ​ន​ ក៏​បាន​ស្នើ​សុំ​ឱ្យ​ម្ចាស់​ផេ​ក​ឈ្មោះ (​ទឹកផុស ស្រុក​ខ្ញុំ​) លុប​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​ចេញ ហើយ​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ និង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច បើ​ពុំនោះ​ទេ​នឹង​សុំ​ចាត់ការ​តាម​ផ្លូវច្បាប់​។

ជុំវិញករណីនេះដែរ​ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង លោក ជិន សុ​ផាត​ ក៏បាន​បញ្ជាក់​ដែរ​ថា៖ បន្ទាប់ពី​មាន​ហេតុការណ៍​ខាងលេីនេះ​ លោកឧត្តមសេនីយ៍ទោ​​ ខូវ​ លី​ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២២ ហើយ​ក៏​បាន​រក​ឃើញ​ថា៖ ការ​ព្យាបាល​កុមារី​អាយុ​៩​ឆ្នាំ​រូបនេះ​ ពិតជា​ព្យាបាល​ដោយ​ស្ត្រី​ឈ្មោះ​គឹ​ម ដែល​ត្រូវជា​ប្រពន្ធ​របស់​លោកគ្រូ​ពេទ្យ សូ សា​រឿ​ន ពិតមែន ដែល​គាត់​គ្មាន​ជំនាញ​វិជ្ជាជីវៈ​នោះ​ទេ ទើប​សម្រេច​នាំ​ខ្លួន​ទាំង​លោកគ្រូ​ពេទ្យ និង​ប្រពន្ធ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ។

ដោយឡែក​លោក សាន់ យូ អភិបាលរង​ខេត្ត ក្រោយពីទទួលបានព័ត៍មាន​ខាងលេីនេះ​ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២២​  ក៏បាន​នាំ​យក​ថវិកា​របស់​លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ចំនួន​១​លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​គ្រួសារ​កុមារី ភិន ស្រី​ណែ​ត អាយុ​៩​ឆ្នាំ ដល់​លំនៅ​ដ្ឋា​នផង​ដែរ​ ៕

ដោយ​៖សហការី​


ចែករំលែក៖