ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តសាកល្បងមីស៊ីល ហើយធ្លាក់នៅក្នុងសមុទ្រប្រទេសជប៉ុន

ចែករំលែក៖

នៅថ្ងៃទី២៤ខែមីនា កម្លាំងការពារដែនសមុទ្រជប៉ុនបានប្រកាសឱ្យដឹងថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់នៅក្នុងតំបន់សមុទ្រសេដ្ឋកិច្ច(EEZ)របស់ជប៉ុន ជិតដែនសមុទ្រក្នុងខេត្ត Aomori ។
ក្រសួងការពារជាតិជប៉ុនបានប្រកាសថា កម្លាំងទាហានការពារដែនសមុទ្រជប៉ុនក៏បានប្រកាសអាសន្នដល់បណ្តានាវានៅក្នុងតំបន់សមុទ្ររបស់ខ្លួនពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។ ចំណែកទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (JCS) បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយមីស៊ីលបានបាញ់ចេញខ្ពស់ជាងលើកមុនៗហើយធ្លាក់នៅតំបន់សមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ។
តាមការលើកឡើងរបស់(JCS) មីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងគឺជាប្រភេទ ICBMថ្មី មានឈ្មោះថា”Hwasong-17″ ហើយបានបាញ់ចេញពីអាកាសយានដ្ឋានអន្តរជាតិស៊ូសាន ក្នុងរដ្ឋធានីព្យុងយ៉ាង។
ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានកោះប្រជុំគណៈកម្មការសន្តិសុខជាតិ ពិភាក្សា វាយតម្លៃពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃទី២៤ខែមីនា។
កាលពី៤ថ្ងៃមុនកូរ៉េខាងជើង ក៏បានបាញ់សាកល្បងរ៉ុក្កែត៤គ្រាប់ទៅកាន់ដែនសមុទ្រប្រទេសនេះផងដែរ។ នេះជាករណីសាកល្បងមីស៊ីលលើកទី១២ហើយរបស់កូរ៉េខាងជើង នៅដើមឆ្នាំ២០២២នេះ៕ ដោយ៖ ធីរីណា

រូបថត​ ៖ KCNA

រូបថត​៖ AFP/TTXVN


ចែករំលែក៖