ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្ររុស្ស៊ី ៖ នេះមិនមែនជាពេលវេលាបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីនោះឡើយ

ចែករំលែក៖

ប្រធានគណៈកម្មការទទួលបន្ទុក សហគមន៍ប្រទេសឯករាជ្យ ស្ថិតនៅក្នុងសភារុស្ស៊ី លោក Leonid Kalashnikov បានបញ្ជាក់ថា បច្ចុប្បន្នមិនមែនជាពេលវេលាសមស្របសម្រាប់ការបោះឆ្នោតប្រជាមតិក្នុងតំបន់ Lugansk ចូលជាមួយរុស្ស៊ីនោះឡើយ។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចុះហត្ថលេខាទទួលស្គាល់តំបន់ Lugansk និងសាធារណរដ្ឋ Donetsk ជាប្រទេសឯករាជ្យ។
ការលើកឡើងរបស់លោក Leonid Kalashnikov គឺក្រោយពេល សាធារណរដ្ឋប្រជាមានិត Lugansk ដែលជាតំបន់ផ្ដាច់ខ្លួនមួយក្នុងចំណោម២ នៅក្នុងតំបន់ដុនបាស់ (Donbass) និងទទួលស្គាល់ដោយទីក្រុងមូស្គូថាជា
រដ្ឋឯករាជ្យកាលពីចុងខែកុម្ភៈកន្លងទៅ គ្រោងនឹងរៀបចំការបោះឆ្នោតប្រជាមតិមួយស្ដីពីការចូលរួមជាមួយរុស្ស៊ី «នាពេលដ៏ខ្លីខាងមុខនេះ»។
បើទោះបីជានៅមិនទាន់មានការបង្ហាញណាមួយថា វិមានក្រឹមឡាំងនឹងទទួលយកការស្នើសុំនេះក៏ដោយ ប៉ុន្តែកាលពីខែមុនលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ឯករាជ្យភាពនៃសាធារណរដ្ឋប្រជាមានិតលូហ្គាន់ (LPR) ខណៈដែលលោកខាងលិចបានចាត់ទុកថាវានៅតែជាផ្នែកមួយរបស់អ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក លេអូនីត ប៉ាស់សេនីក (Leonid Pasechnik) មេដឹកនាំនៃសាធារណរដ្ឋលូហ្គាន់បានបញ្ជាក់ដូច្នេះថា «នៅពេលដ៏ខ្លីខាងមុខនេះ ការបោះឆ្នោតប្រជាមតិមួយនឹងត្រូវធ្វើឡើង ហើយប្រជាជននឹងអាចអនុវត្តសិទ្ធិទាំងស្រុងរបស់ពួកគេ រួចផ្តល់មតិរបស់ពួកគេទាក់ទងនឹងការចូលរួមជាមួយរុស្ស៊ី»។ ដោយឡែក សមាជិកព្រឹទ្ធសភារុស្ស៊ី លោក អេនដ្រេ ឃ្លីសាស់(Andrey Klishas) ក៏បាននិយាយដែរថាទាំង លូហ្គាន់និង ដូណេត (Donetsk) មានសិទ្ធិស្វែងរកការចូលរួមជាមួយរុស្ស៊ី លុះត្រាតែទង្វើបែបនេះ មិនផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ពួកគេ៕

ដោយ៖ធីរីណា(រូបថត​ ៖​ Sputnik)


ចែករំលែក៖