ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលក្រុងបាវិតនិងក្រុមការងារចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលថ្មមិចនៅសង្កាត់ច្រកម្ទេសដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកលឹម សៀងហេង អភិបាលក្រុងបាវិតរួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី២៩ខែមីនាបានចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលថ្មមិច ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិតដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ។

   ការចុះពិនិត្យនេះមានការចូលរួមពីលោក ជូ ខេមរិទ្ធ អភិបាលរងក្រុង  លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស លោកគឹម ឡេង ប្រធានក្រុមហ៊ុនហាយប្រ៊ីដ និងក្រុមការងារដែលពាក់ព័ន្ធមួយចំនួនទៀត។

   លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានថ្លែងអំណរគុណដល់លោកគឹម ឡេង ប្រធានក្រុមហ៊ុនហាយប្រ៊ីដ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់បាវិត ដែលបានជួយថ្មមិចចំនួន៥រថយន្ត ស្មើនឹងទឹកប្រាក់១.១៥០ដុល្លារ។ ចំណែក លោកចាន់ រតន: អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់បាវិត  បានជួយគ្រឿងចក្រវេវឺល័រ រូឡូ រថយន្តដឹកទឹក និងប្រេងឥន្ធនៈ ព្រមទាំងសប្បុរសជននានាទៀតបានចូលរួមបរិច្ចាគថវិកាជួសជុលផ្លូវលំក្រាលថ្មមិច មួយខែ្សស្ថិតនៅក្នុងភូមិព្រៃទប់និងភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ដែលស្ថាបនាដោយត្រាសសេផ្លូវក្រាលថ្មមិចដែលមានប្រវែងផ្លូវ៤៥០០ម៉ែត្រនិងមានទទឹង៦ម៉ែត្រ។

លោកលឹម សៀងហេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវមួយខ្សែនេះក៏ដូចជាអ្នកធ្វើដំណើរដឹក កសិផលឆ្លងកាត់ ពេលទទួលបានសមិទ្ធផលផ្លូវល្អហើយសូមចូលរួមថែរក្សាទាំងអស់គ្នាដើម្បីបានគង់វង្សយូរអង្វែង ព្រោះជាសម្បត្តិរួមរបស់យើង ជាពិសេសពេលបើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ប្រជាពលរដ្ឋរស់នៅ២ភូមិក្នុងសង្កាត់ច្រកម្ទេសបានសម្តែងការសាទរនិងសប្បាយចិត្តហើយបានអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលក្រុងបាវិត លោកចៅសង្កាត់ច្រកម្ទេសនិងបងប្អូនសប្បុរសជននានាដែលបានជួយស្ថាបនាជួសជុលផ្លូវដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ពួកគាត់ផងដែរ៕

ដោយ៖យឹមសុថាន


ចែករំលែក៖