ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ៖ កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដជាង៣០ម៉ឺនពីប្រទេសឥណ្ឌា ខណៈថ្ងៃទី១១មេសាមកដល់កម្ពុជា២០មុឺនដូស

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាម លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដជាង៣០ម៉ឺនពីប្រទេសឥណ្ឌា ខណៈថ្ងៃទី១១មេសាមកដល់កម្ពុជា២០មុឺនដូស។

​លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២២នេះ បានអញ្ចើញមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីដសែល ជាជំនួយរបស់សាធារណរដ្ឋឥណ្ឌា សរុប៣២៥,០០០ដូស ក្នុងនោះ២០ម៉ឺនដូស មកដល់កម្ពុជានៅថ្ងៃទី១១មេសានេះ និងនៅសល់ជាង១២ម៉ឺនដូសទៀត អាចនឹងមកដល់នៅថ្ងៃទី១៤ ខែមេសាខាងមុខនេះ។ ពិធីប្រគល់-ទទួលវ៉ាក់សាំង នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែមេសា ស្ថិតនៅវិមានសន្តិភាព។ 

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ បានឲ្យដឹងថា កម្ពុជា ទទួលបានវ៉ាក់សាំង ជាជំនួយឥតសំណងរបស់ឥណ្ឌា ហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជិត៥០លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ដូសទី៤។

សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ អាចទៅទទួលការចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ដោយភ្ជាប់ទៅជាមួយកាតចាក់វ៉ាក់សាំង សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ បានបន្ថែមទៀតថា កម្ពុជា ទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ផ្តើមបើកការចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ តាមផែនការមេរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស ការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង គោលដៅ១០លាននាក់ ឱ្យសម្រេចបាននៅពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាក់ស្តែងសម្រេចបាននៅអំឡុងខែតុលា ឆ្នាំ២០២១។ ការសម្រេចបានមុនផែនការ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានលើកឡើងពីកត្តាចំនួន៥ចំណុចរួមមាន៖ទី១.ការដឹកនាំច្បាស់លាស់ ទាំងការគិត និងអនុវត្ត ទី២.កម្ពុជាមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងៗគឺជាប្រភពគាំទ្រ ទី៣.កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗតែម្តង ពោលបន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំងគឺចាប់ផ្តើមអនុវត្តតែម្តង ទី៤.កម្ពុជាមានធនធានមនុស្ស សម្រាប់ដំណើរការចាក់វ៉ាក់សាំង ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្ម័គ្រចិត្ត បូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់ និងទី៥.មានការចូលរួមពីប្រជាជនជួយជាថវិកាទិញវ៉ាក់សាំង និងការចូលរួមទទួលយកវ៉ាក់សាំងដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា , រហូតដល់ ថ្ងៃទី ១១ ខែមេសា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១៦នាក់​ (ឆ្លងសហគមន៌​:​ ​​១៦ នាំចូល:​ ០ នាក់) និងមានជាសះស្បេីយ​ ២១ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៥៩៦៣​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​កេីន​ ១៣២៦៣៩ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៥៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2939061  ស្មេីនឹង​ 173908 ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។ 

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៤,៤៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៥២,១០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៧៨% ៕

ដោយ ៖ សិលា


ចែករំលែក៖