ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់ចេញនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នឹងបើកផ្លូវទាក់ទាញការវិយោគ និងការអភិវឌ្ឍន៍ខេត្តក្នុងកម្រិតមួយដែលមិនធ្លាប់មានកន្លងមក

ចែករំលែក៖

ភ្នំពេញ៖  លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  អូន ព័ន្ធមុនីរ័ត្ន មានសុទិដ្ឋិនិយមថា ការដាក់ចេញនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នឹងបើកផ្លូវទាក់ទាញការវិយោគ និងការអភិវឌ្ឍន៍ខេត្តក្នុងកម្រិតមួយដែលមិនធ្លាប់មានកន្លងមក។

ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» តាមរយៈប្រព័ន្ធអនឡាញនៅព្រឹកថ្ងៃទី១១ ខែមេសា លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា៖ «ការដាក់ចេញនូវផែនការមេនឹងបើកផ្លូវ ទាក់ទាញការវិយោគ និងការអភិវឌ្ឍន៍ ក្នុងកម្រិតមួយដែលមិនធ្លាប់មានកន្លងមក។ ខ្ញុំរំពឹងថាលំហូរវិនិយោគ និងការអភិវឌ្ឍន៍ និងមានតុល្យភាពជាមួយការអភិរក្ស អត្តសញ្ញាណដើមរបស់ខេត្ត ដែលត្រូវបានទទួលស្គាល់ ថាជាខេត្តទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចដ៏ពិសិដ្ឋ»។

លោកបានបន្តថា «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» នឹងចូលរួមជាមួយឯកសារយុទ្ធសាស្ត្រ សម្រាប់ អភិវឌ្ឍវិស័យទេសចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេសដទៃទៀត ដែលបានដាក់ចេញនាពេលកន្លងមកសំដៅជំរុញការងើបឡើងវិញប្រកបដោយចីរភាពនិងលើកកម្ពស់ការចូលរួមដោយគ្មានការរើសអើងនៃវិស័យនេះ ។

«ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» ត្រូវបានរៀបចំឡើងដោយបានរាប់បញ្ចូលនូវសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់ខេត្តមណ្ឌលគិរីនៅក្នុងការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជាពិសេសប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ។

លើសពីនេះ ការកំណត់តំបន់អាទិភាពសំខាន់ៗ ដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងផែនការមេនេះ នឹងជំរុញឱ្យខេត្តមណ្ឌលគិរីអាចប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្ដានុពលទាំងនេះបាន ប្រកបដោយប្រសិទ្ធភាព តាមរយៈការអភិរក្សវិស័យទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចព្រមទាំងការផ្សារភ្ជាប់ជាមួយនឹងពហុវិស័យដទៃទៀត ដូចជាវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា, បន្លែ, ផ្លែឈើ និងដំណាំកសិ-ឧស្សាហកម្មនានា ដូចជាដំណាំកាហ្វជាដើម ។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ភាពជោគជ័យក្នុងការអនុវត្តផែនការមេនេះគឺអាស្រ័យទៅលើការចូលរួម និងកិច្ចសហប្រតិប្តត្តិការយ៉ាងស្អិតរមួត ស៊ីជម្រៅ និងការទទួលខុសត្រូវ រវាងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាពជាដៃគូររវាងរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ព្រមទាំងការចូលរួមរបស់ដៃគូរអភិវឌ្ឍផ្លូវការដែលមានការពាក់ព័ន្ធ។

គួរបញ្ជាក់ថា ការដាក់ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នឹងផ្សារភ្ជាប់ជាមួយនឹងបូលទេសចរណ៍ផ្សេងទៀតដូចជា រាជធានីភ្នំពេញ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ ដែលខេត្ត មណ្ឌលគិរី ប្រែក្លាយទៅជាបូលសេដ្ឋកិច្ចទី៤ នៅក្នុងប្រទេសកម្ពុជា។ 

សូមបញ្ជាក់ថា, តាមរយៈ​សេចក្ដី​ជូន​ដំណឹង​របស់​ ក្រសួង​ទេសចរណ៍​ ចុះថ្ងៃទី​ ៨​ ខែ​ មេសា​ ឆ្នាំ​ ២០២២​ នេះ​បាន​អោយដឹងថា​ រាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលា​ម៉ោង​ ១០​:០០​ នាទី​ ព្រឹក​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ តាមប្រព័ន្ធវីដេអូពីចម្ងាយ​ ៕


ដោយ ៖ សិលា


ចែករំលែក៖