ការទទួលជ័យជម្នះក្នុងជើងទី១បានធ្វើឱ្យក្រុម Villarreal ស្ថិតក្នុងកៅអីខ្ពស់មុនការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជើងទី២ត្រឡប់មកវិញនៅរាត្រីថ្ងៃអង្គារនេះជាមួយនឹងក្រុម Bayern Münich នៅកីឡដ្ឋាន Allianz Arena ខណៈដែលក្រុមទាំង២កំពុងស្វែងរកកន្លែងមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។
ការប្រកួតជើងទី១កាលពីសប្តាហ៍មុនបានឃើញ ក្រុម Villarreal យកឈ្នះក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Estadio de la Cerámica។ ១គ្រាប់ជ័យជម្នះនេះគឺរកបានដោយកីឡាករ Arnaut Danjuma នៅនាទីទី៨។
ខ្សែប្រយុទ្ធ Robert Lewandowski គឺជាតួអង្គសំខាន់សម្រាប់ក្រុមBayern Münich ក្នុងការប្រកួត Champions League។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹង១២គ្រាប់ដែលច្រើនជាងគូប្រជែងទាំងអស់នៅក្នុងការប្រកួតនៅឆ្នាំ២០២១-២០២២នេះ ដែល៤គ្រាប់គឺជាគ្រាប់ដ៏សំខាន់ដំបូងនៃការប្រកួត។ ចំណែកីឡាករដែលមានលទ្ធភាពបំផុតក្នុងការប្រយុទ្ធរបស់ Villarreal គឺ Danjuma ដែលបានស៊ុតបាល់បញ្ចូលទីចំនួន៦គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះរួមទាំងគ្រាប់បាល់បើកឆាកចំនួន២គ្រាប់ផងដែរ។
ក្រុមភ្ញៀវបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Champions League ៤លើកជាប់គ្នាក្នុងរដូវកាលនេះ។ ក្រុម Villarreal មិនទាន់ស្គាល់រសជាតិចាញ់ទេ ចាប់តាំងពីចាញ់មួយប្រកួតប៉ុណ្ណោះក្នុងវគ្គចែកពូលទល់នឹង Manchester United។ រីឯក្រុមម្ចាស់ផ្ទះ Bayern Münich មានភាពល្អឥតខ្ចោះនៅក្នុងផ្ទះក្នុងរដូវកាល Champions League នេះជាមួយនឹងជ័យជម្នះចំនួន៤ដងក្នុងការប្រកួតចំនួន៤នៅកីឡដ្ឋាន Allianz Arena ដោយស៊ុតបញ្ចូលទីបាន២០គ្រាប់ និងរបូតវិញ៣គ្រាប់។ ក្រុមនេះកំពុងសម្លឹងមើលការបន្តការប្រកួតមិនដែលចាញ់ក្នុងផ្ទះ៦ប្រកួត (ឈ្នះ៥ ស្មើ១)ក្នុងគ្រប់ការប្រកួតទាំងអស់។ ជាមួយនឹងការឈ្នះ៣លើក និងចាញ់តែ១ប្រកួតនៅក្រៅផ្ទះ ក្រុម Villarreal មានកំណត់ត្រាដ៏ល្អក្នុងការប្រកួតក្រៅដីក្នុងយុទ្ធនាការនេះដែរ។
ក្នុងការប្រកួត៦លើកចុងក្រោយក្នុងការប្រកួតទាំងអស់ Bayern Münichឈ្នះ៤ ស្មើ១ និងចាញ់១, ស៊ុតបាល់បញ្ចូលទី១៧គ្រាប់ និងរបូត៤គ្រាប់។ ចំណែកក្រុម Villarreal ឈ្នះ៣ ស្មើ១ និងចាញ់២ ក្នុង៦ក្រុមចុងក្រោយ,ស៊ុតបាល់បញ្ចូលទីចំនួន៦គ្រាប់ និងរបូតវិញ៤គ្រាប់ក្នុងអំឡុងពេលនោះ។ ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសានេះ ហើយបើក្រុមណាឈ្នះនឹងត្រូវប៉ះក្រុម Chelsea ឬ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)