ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី១៧របស់គាត់ក្នុងរដូវកាលនេះដើម្បីជួយឱ្យ Manchester United ទទួលបាន១ពិន្ទុបន្ទាប់ពីក្រុម Chelsea រកបាន១គ្រាប់មុន ក្នុងការប្រកួតសប្តាហ៍ទី៣៤ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ។តាមពិតក្រុមភ្ញៀវមានប្រៀបខ្លាំងក្នុងតង់ទីមួយនៅ Old Trafford ប៉ុន្តែអ្នកចាំទី De Gea បានសង្គ្រោះបាល់ពីការស៊ុតរបស់ Kai Havertz និង N’Golo Kante ។
ក្រុមភ្ញៀវតោខៀវវ Chelsea មានប្រៀបជាងក្រុមម្ចាស់បិសាចក្រហម Man Utd ដោយការគ្រប់គ្រងបាល់បានច្រើនជាង ហើយចូលដល់តង់ទីពីរនាទីទី៦០ កីឡាករ Marcos Alonso របស់ក្រុមតោខៀវបានស៊ុតបាល់នាំមុខ១គ្រាប់។ ការអបអរសាទររបស់ក្រុមតោខៀវបានបញ្ចប់ត្រឹមតែ២នាទីប៉ុណ្ណោះ នៅពេលដែលក្រុម Manchester United ឆ្លើយតបដោយការបញ្ចូលបាល់របស់ Nemanja Matic ចូលទៅក្នុងប្រអប់ទីហើយខ្សែប្រយុទ្ធ Ronaldo បានស៊ុតបាល់បញ្ចូលទីតាមស្មើ១គ្រាប់នៅនាទីទី៦២។
ការតាមស្មើនេះបានធ្វើឱ្យកីឡដ្ឋាន Old Trafford មានភាពរស់រវើក មានបរិយាកាសរីករាយឡើងវិញ ខណៈដែលការមិនសប្បាយចិត្តរបស់អ្នកគាំទ្រប្រឆាំងនឹងម្ចាស់ក្លិបនៅតែមានភាពច្បាស់លាស់ធ្វើឲ្យមានការតវ៉ាកើតឡើងនៅខាងក្រៅសម្រាប់ការប្រកួតក្នុងផ្ទះដែលបរាជ័យជាប់ៗគ្នា។
ក្រុម Chelsea ខិតកាន់តែកៀកក្នុងការទទួលបានចំណាត់ថ្នាក់កំពូលទាំង៤។ ក្រុមរបស់លោក Thomas Tuchel ឈរនៅលេខរៀងទី៣មាន៨ពិន្ទុនាំមុខក្រុមលេខ៥ Tottenham ដោយនៅសល់៥ប្រកួតទៀតចប់រដូវកាល។ ចំណែកក្រុម Manchester United ឈរនៅលេខ៦ មាន៥ពិន្ទុតាមពីក្រោយក្រុម Arsenal ដែលឈរនៅលេខ៤ ដែលនៅ២ប្រកួតនៅក្នុងដៃ។
ខ្សែប្រយុទ្ធ Ronaldo បានមកជួយសង្គ្រោះក្រុមរបស់គាត់នៅ Old Trafford ដោយកីឡាករវ័យ៣៧ឆ្នាំរូបនេះក្នុងចំណាត់ថ្នាក់ទី២នៅក្នុងបញ្ជីជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ជាមួយនឹង១៧គ្រាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)