ក្លិបនៅលីគកំពូលព័រទុយហ្គាល់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិប Benfica បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីតែងតាំងអតីតអ្នកចាត់ការក្លិប PSV លោក Roger Schmidt ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។
Benfica បានប្រកាសថា ការចរចាកំពុងកើតឡើងសម្រាប់បុរសសញ្ជាតិអាល្លឺម៉ង់ Schmidt ដែលកិច្ចសន្យារបស់គាត់នៅក្លិបលីគកំពូលEredivisie របស់ហូឡង់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះដើម្បីជំនួសលោក Nelson Verissimo ដែលកិច្ចព្រមព្រៀងមិនទាន់ត្រូវបានធ្វើជាផ្លូវការនៅឡើយទេ។
លោក Schmidt ធ្លាប់បានដឹកនាំក្លិប Salzburg និង Bayer Leverkusen មុនពេលទៅដឹកនាំនៅលីគកំពូលប្រទេសចិនដែលជាកន្លែងដែលគាត់ត្រូវបានបណ្តេញចេញនៅពាក់កណ្តាលឆ្នាំ២០១៩ដោយក្លិប Beijing Guoan។
បន្ទាប់មកគាត់បានចូលកាន់តំណែងនៅក្លិប PSV របស់ប្រទេសហូឡង់ ដែលកាលពីខែមុន ហើយត្រូវបានអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid លោក Ruud van Nistelrooy បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំដើម្បីក្លាយជាគ្រូបង្វឹកចាប់ពីរដូវកាលក្រោយ។
គួរបញ្ជាក់ថា ក្រុម Benfica ស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង Premierira Liga របស់លីគកំពូលព័រទុយហ្គាល់ដោយមាន៦៨ពិន្ទុពីការប្រកួត៣១ប្រកួត ចាញ់ក្រុមលេខ១ Porto រហូតដល់១៤ពិន្ទុ។ ក្រុម Benfica នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Maritimo នៅថ្ងៃសៅរ៍នេះវេលាម៉ោង១១យប់ក្នុងការប្រកួតសប្តាហ៍ទី៣២របស់ខ្លួន ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)