បច្ចុប្បន្ន នៅលើពិភពលោក សម្បូរវ៉ាក់សាំងបង្ការកូវីដ-១៩ណាស់ ដោយពលរដ្ឋនៅក្នុងប្រទេសជាច្រើនបានចាក់ដល់ដូសទី៤ឬទី៥ទៀតផង ។ ជាមួយគ្នានេះក៏មានវ៉ាក់សាំងនៅប្រទេសជាច្រើនត្រូវបោះចោលដោយសារតែផុតពេលវេលាប្រើប្រាស់។
ជាក់ស្តែងដាណឺម៉ាក នឹងបោះចោលវ៉ាក់សាំងកូវីដ-១៩ដែលលែងត្រូវការ ហើយជិតផុតសុពលភាពជាង១លានដូស។ មន្ត្រីសុខាភិបាលរបស់ប្រទេសដាណឺម៉ាកបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំងកូវីដ -១៩ ចំនួនជាង១.១លានដូស នឹងត្រូវបោះចោលក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារតែពួកវាជិតផុតកំណត់ប្រើប្រាស់ ស្របពេលដែលកិច្ចខិតខំប្រឹងប្រែងក្នុងការបរិច្ចាគវ៉ាក់សាំងទាំងនេះទៅឱ្យប្រទេសកំពុងអភិវឌ្ឍន៍បានបរាជ័យ។
បើតាមវិទ្យាស្ថានស្រាវជ្រាវ និងបង្ការជំងឺឆ្លង SSI របស់ប្រទេសដាណឺម៉ាក, ការរាតត្បាតនៅក្នុងប្រទេសប៉ែកខាងជើងអឺរ៉ុបមួយនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងបាន ហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនដាណឺម៉ាក គឺមានអត្រាខ្ពស់ថែមទៀត ដោយប្រហែល៨១ភាគរយនៃប្រជាជនចំនួន៥.៨លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួនពីរដូស
រួចរាល់ ខណៈដែលជិត៦២ភាគរយ បានទទួលការចាក់ដូសជំរុញ។
ចំណែកនៅក្នុងតំបន់អាស៊ានវិញ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសហ្វីលីពីនកំពុងពិចារណាបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រុស្ស៉ី គឺ Sputnik V ដែលជិតផុតកំណត់ ចំនួន៥លានដូសដល់ប្រទេសមីយ៉ាន់ម៉ា។
វានឹងទៅជាលើកដំបូងបង្អស់ ដែលប្រទេសហ្វីលីពីនបរិច្ចាគវ៉ាក់សាំង COVID-19 ដល់ប្រទេសមួយផ្សេងទៀត បន្ទាប់ពីខ្លួនបានប្រញាប់ប្រញាល់កាលពីឆ្នាំមុន ដើម្បីទិញវ៉ាក់សាំងសម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាជនចំនួន ១១០លាននាក់របស់ខ្លួន។ លោកស្រី Vergeire បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសហ្វីលីពីននាពេលឥឡូវនេះ មានការផ្គត់ផ្គង់គ្រប់គ្រាន់ហើយ។ អាជ្ញាធរកំពុងស្វែងរកការអនុញ្ញាតដើម្បីបរិច្ចាគវ៉ាក់សាំងរបស់រុស្ស៉ី តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា។
បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា តិចជាងពាក់កណ្តាលប៉ុណ្ណោះនៃប្រជាជនសរុបចំនួន ៥៣លាននាក់របស់ប្រទេសនេះ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ២ដូស) ខណៈដែលមីយ៉ាន់ម៉ា ជាប្រទេសដែលស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានកាន់កាប់អំណាចកាលពី ១៥ខែមុន៕ ដោយ៖ ធីរីណា
រូបថត៖TTXVN