ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គោលនយោបាយអភិវឌ្ឍន៍សង្កាត់ អាណត្តិទី ៥ គឺជាធាតុ សំខាន់សម្រាប់ការអភិវឌ្ឍ នៅមូលដ្ឋានផ្ទាល់

ចែករំលែក៖

ភ្នំពេញ៖  លោកស្រី  កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់  គណៈអភិបាល និងសកម្មជននារី នៃខណ្ឌដង្កោ រាជធានីភ្នំពេញ  នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំគណបក្សខណ្ឌដង្កោ ។ 

     លោកស្រី ក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ  និងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក ។

     លោកស្រី ក៏បានកោតសសើរដល់នារីនៅគ្រប់លំដាប់ថ្នាក់ នៅខណ្ឌដង្កោ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។ 

    លោកស្រី កិត្តិសង្គហបណ្ឌិតបាន បានបន្តទៀតថា គោលនយោបាយអភិវឌ្ឍន៍សង្កាត់ អាណត្តិទី ៥ គឺជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន រួមមាន ៧ចំណុច 

ទី១. ជាសង្កាត់ដែលបានលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ប្រជាពលរដ្ឋ រស់នៅដោយសុខុដុមរមនាបានល្អប្រសើរ ។

ទី២. ជាសង្កាត់ដែលបានអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ៧ចំណុច ល្អប្រសើរ ។ 

ទី៣. ជាសង្កាត់ដែលបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាពល្អប្រសើរ ។ 

ទី៤. ជម្រុញកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលនៅសេសសល់ក្នុងភូមិ សង្កាត់ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ សប្បុរសជន រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ។

ទី៥. ការផ្តល់សេវាសុខាភិបាល និងការងារអនាម័យក្នុងភូមិ សង្កាត់ឲ្យបានល្អប្រសើរ ។ 

ទី៦. ជាសង្កាត់ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋបានល្អប្រសើរ ។ 

ទី៧. ពង្រឹង និងវិសាលភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ 

សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ១៦៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅអប់រំ១ ក្បាល, ដបទឹកអាល់កុល១ដប  និងថវិកា៥ម៉ឺនរៀលផងដែរ ៕

ដោយ ៖ សំរិត


ចែករំលែក៖