ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកស្រុកអង្គរបន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប !

ចែករំលែក៖

ខេត្តសៀមរាប ៖  យោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរព សូមរាយការណ៍ ជូន លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,  ក្រុមអ្នកភូមិប្រុសស្រី ក្មេងចាស់បានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីប្រារព្ធពិធីមួយនៅក្នុងប្រាសាទអធ្វា ដែលអ្នកស្រុកតែងហៅថាពិធីឡើងអ្នកតា ឬ(ឡើងម្ចាស់ស្រុក)។ 

អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាប បានជម្រាបជូនលោករដ្ឋមន្ត្រីថា, ពិធីនេះគឺក្រុមអ្នកភូមិតែងតែនាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅចំថ្ងៃ៣កើតខែមាឃ ឬក៏ថ្ងៃ៣កើតខែពិសាខ។

លោក សុខ ស៊ាង អាយុ៧៥ឆ្នាំ ចាស់ព្រឹទ្ធាចារ្យ នៅក្នុងពិធីឡើងអ្នកតានោះ មានប្រសាសន៍ឱ្យដឹងថា ពិធីឡើងអ្នកតានេះ មានជាយូរលង់ណាស់មកហើយ ដោយលោកមិនដឹងថាចាប់ពីពេលណាមកនោះឡើយ ប៉ុន្ដែនៅឆ្នាំនេះ អ្នកស្រុកមកពីភូមិចំនួន៣ បានមកធ្វើពិធីឡើងអ្នកតាឬពិធីឡើងម្ចាស់ស្រុក នៅក្នុងប្រាសាទអធ្វានេះ ។ ចាស់ព្រឹទ្ធាចារ្យដដែល បានឱ្យដឹងទៀតថា ពិធីឡើងអ្នកតានេះ គឺអ្នកភូមិតែងនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ដើម្បីសុំឱ្យម្ចាស់ទឹក ម្ចាស់ដីតាមជួយថែរក្សា និងសូមឱ្យអ្នកស្រុក អ្នកស្រែបានសេចក្តីសុខសប្បាយជៀសផុតអស់គ្រោះកាចចង្រៃទាំងឡាយចេញពីភូមិ ស្រុក។ ក្រុមអ្នកភូមិដែលមានជំនឿលើពិធីឡើងអ្នកតានេះ នៅពេលដែលមានស្នងចូលរូបម្ដងៗគឺពួកគេតែងនាំគ្នាសំពះ ព្រមទាំងសូមឱ្យស្នងរូបនោះ ប្រោះព្រំទឹកមន្តឬក៏ជួយប្រសិទ្ធិពរជ័យសិរីសួស្ដី មកឱ្យពួកគេ។ លោកព្រឹទ្ធាចារ្យ បានបន្ដថា ពិធីឡើងអ្នកតារបស់អ្នកភូមិនេះ តែងតែងធ្វើឡើងនៅក្នុងប្រាសាទអធ្វា ពីព្រោះគេជឿថាបារមីរបស់អ្នកតាមួយអង្គព្រះនាមមហារាជ មហាជម្ពូរបានគង់នៅក្នុងនោះ បានជួយព្យាបាលជំងឺពួកគាត់ឱ្យជាសះស្បើយ។ 

សូមបញ្ជាក់ថា ក្នុងពិធីឡើងអ្នកតានោះ គឺមានមនុស្សស្រី៣នាក់ ដោយម្នាក់ជាស្នងរូបឱ្យអ្នកតាម្ចាស់ស្រុក ដែលធំជាងគេ ម្នាក់ទៀតជាស្នងរូបពស់ខៀវ រូបយមបាល រូបក្រពើស និងម្នាក់ទៀតគឺជាស្នងរូបរបស់គ្រូបាធ្យាយ។ គេសង្កេតឃើញនៅកន្លែងដែលគេបានប្រារព្ធពិធី មានស្លាធម៌ បាយសី មានគ្រឿងសំណែន មានផ្ដិលទឹក និងផ្កាមួយថាស ទៀនធូប ដោយមានចាស់ព្រឹទ្ធាចារ្យ អ្នកស្នងរូប និងក្រុមអ្នកភ្លេងអារក្ស មកជួបជុំគ្នាអុជទៀនធូបបួងសួង។ដោយឡែក នៅវត្ដអធ្វា គឺមានទម្លាប់ខុសពីវត្ដដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារវត្តនេះមិនប្រារព្ធធ្វើពិធីបុណ្យពិសាខបូជាទេ ដោយសារតែនៅថ្ងៃ៣កើតខែពិសាខ ជារៀងរាល់ឆ្នាំគឺអ្នកភូមិតែងនាំគ្នាធ្វើពិធីឡើងអ្នកតាហើយ។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏នៅចំថ្ងៃពិសាខបូជានោះ គឺក្រុមអ្នកភូមិ តែងនាំគ្នាធ្វើពិធីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ នៅលើទួលបុរាណមួយដែលអ្នកភូមិហៅថាទួលតាមឿង។នៅថ្ងៃជាមួយគ្នាដែលអ្នកភូមិធ្វើពិធីឡើងអ្នកតាឬពិធីឡើងម្ចាស់ស្រុកនេះដែរ ក្រៅតែពីអ្នកភូមិបានធ្វើពិធីសែនព្រេន និងបញ្ចូលរូប នៅក្នុងប្រាសាទអធ្វានោះ អ្នកភូមិក៏នៅបន្តធ្វើពិធីនេះនៅកន្លែងទួលតាមឿងទៀតផងដែត។ នៅលើទួលតាមឿងនោះ គឺក្រុមអ្នកភូមិបានធ្វើពិធីមួយផ្សេងទៀត គឺពិធីបញ្ជូនអ្នកតាឡើងគោក។ ពិធីបញ្ជូនអ្នកតាឡើងគោកនេះ គឺមានន័យថាជាពិធីមួយដែលគេធ្វើឡើង ដើម្បីឱ្យអ្នកតានាំយកអស់គ្រោះកាច គ្រោះភ័យ ចង្រៃឧបទ្រុបទាំងឡាយចេញពីភូមិ ស្រុកទាំងអស់ ហើយឱ្យនាំមកនូវសេចក្តីសុខ ចំរើនសិរីសួស្ដីចូលមកជំនួសវិញ៕

 

ដោយ ៖សហការី


ចែករំលែក៖