ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ សូមច្រានចោលព័ត៌មានមិនពិតមួយ ពាក់ព័ន្ធករណីជនសង្ស័យលួចទូរស័ព្ទ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅ នៅចំណុចក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តថា ជនរងគ្រោះឈ្មោះ ស្រី ភី ភេទ ស្រី មុខរបរបើកហាងលក់ទូរស័ព្ទនៅចំណុចខាងលើ បានមកប្ដឹងរាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ថា ក្នុងហាងរបស់គាត់មានចោចូលលួចយកទូរស័ព្ទ ។
សូមជម្រាបថា នៅចំណុចកើតហេតុជនរងគ្រោះ បានបង្ហាញកាមេរ៉ាសុវត្តិភាពគាត់បានឃើញជនជាតិចិនម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុមានរាងដូចរូបនៅក្នុងកាមេរ៉ានោះ ពេលនោះជនរងគ្រោះបានដឹកជនសង្ស័យមកកាន់ប៉ុស្តិ៍ដើម្បីជួយមើលផ្ទៀងផ្ទាត់ មួយសន្ទុះក្រោយមកជនរងគ្រោះប្រាប់សមត្ថកិច្ចថារូបនោះមិនមែនគាត់ទេពួកគាត់ក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅ ករណីដែលថតវាស់កំពស់នោះ គឺគ្រាន់តែថតទុកជាឯកសារតាមនិតិវិធីរដ្ឋបាលនគរបាលប៉ុស្តិ៍តែប៉ុណ្ណោះ ។
ដូច្នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមច្រានចោលព័ត៌មានមិនពិតបំពុលសង្គមទាំងឡាយ និងសូមអំពាវនាវឱ្យបងប្អូនសាធារណៈធ្វើការចែកចាយព័ត៌មានតាមបណ្តាញសង្គមដោយមានមូលដ្ឋានច្បាស់លាស់ ៕
ដោយ៖សហការី