ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកដែលសម្លាប់បុរសដើរទិញអេតចាយ​ រួចរត់ទៅលាក់ខ្លួនអស់រយៈពេល៣ថ្ងៃមកនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបានបំបែកសំណុំរឿងឃាតកម្ម​សម្លាប់យុវជនម្នាក់ដែលជាអ្នកដេីរទិញអេតចាយ​កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ស្ថិតក្នុងភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​នោះបានហើយនៅរសៀលថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២កន្លងមកនេះ។ 

    លោកឧត្តមសេនីយ៍ត្រី​ កង​ សៅគុណ​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ​ មានប្រសាសន៍ថា នៅវេលាម៉ោង១៣:៣៧នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ និងកម្លាំងកងរាជអាវុធហត្ថកងអនុសេនាធំចល័ត សរុបទាំងអស់ចំនួន១៣នាក់ រថយន្ត០២គ្រឿង អាវុធ០២ដើម ដឹកនាំដោយលោកវរសេនីយ៍ទោជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវករណីឃាតកម្មខាងលើរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះមុំ​ ថា​ អាយុ៣០ឆ្នាំ​ រស់នៅភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​  ដែលបានប្រេីកាំបិតកាប់ទៅលេីជនរងគ្រោះឈ្មោះ​ទុយ​ ទឺ​ អាយុ២៣ឆ្នាំ​ រស់នៅភូមិស្លាករ​ ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ​ ដែលបានមកស្នាក់នៅក្នុងខេត្តព្រះវិហារ​ ប្រកបរបរដេីរទិញអេតចាយ​ ។ 

   កម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ​រហូតឈានដល់កំណត់មុខសញ្ញា​ក្រោយរយៈពេល៣ថ្ងៃបន្ទាប់ពីកេីតហេតុរហូតឈានដល់ការឃាត់ខ្លួនឃាតកបាននៅចំណុចវាលស្រែ​ជិតជេីងភ្នំត្បែងមានជ័យ​ ស្ថិតក្នុងភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ដោយជនសង្ស័យបានធ្វេីសកម្មភាពកាប់សម្លាប់ជនរងគ្រោះ​ចំនួន៥កាំបិតខ្វែវ រួចរត់គេចខ្លួន​ទៅលាក់ខ្លួននៅជេីងភ្នំ​។ 

    មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា: ករណីឃាតកម្មនេះកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ​២០២២​ ស្ថិតនៅភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ  ដោយជនរងគ្រោះ​មិនដែលស្គាល់គ្នា​ជាមួយជនល្មេីសនិងប្រពន្ធនោះឡេីយ​ពីមុនមក។  

   សូមបញ្ជាក់ថា: នៅថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវជាតិលេខ៦២​ ស្ថិតក្នុងភូមិឃុំកេីតហេតុខាងលេី​ លុះទៅដល់មុខផ្ទះជនសង្ស័យ​ ដោយសារអាកាសធាតុក្តៅពេក​ ជនរងគ្រោះក៏បានឈប់ម៉ូតូ​ អង្គុយហូបចំណី​ ក៏ស្រាប់តែជនសង្ស័យបាញ់ចម្ពាមកៅស៊ូមួយគ្រាប់សំដៅមកលើជនរងគ្រោះតែមិនត្រូវ​ ពេលនោះជនរងគ្រោះក៏មិនបានចាប់អារម្មណ៍​ដែរ។ លុះបន្តិចក្រោយមក​ក៏ស្រាប់តែឃេីញជនសង្ស័យ​កាន់កាំបិតខ្វែវសំដៅទៅកាប់លេីជនរងគ្រោះ​ ពេលនោះជនរងគ្រោះ​ក៏យកដៃរង​ ហេីយរត់ហៅគេឯងឱ្យជួយ​ ហើយជនសង្ស័យនៅតែបន្តរត់តាមកាប់សម្លាប់ជនរងគ្រោះ​ រហូតដល់ស្លាប់តែម្តង​ ។ 

    សមត្ថកិច្ច​មូលដ្ឋានក៏បានបញ្ចាក់ដែរថា​ជនសង្ស័យ​ជាមនុស្សសរសៃប្រសាទ​ និងប្រេីប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ​ ។ បច្ចុប្បន្នជនសង្ស័យ​ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ​ ដេីម្បីសាកសួរ​កសាងសំណុំរឿង និងបញ្ចូនទៅតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់​៕

                                

ដោយ៖មាស សុផាត


ចែករំលែក៖