ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបានបំបែកសំណុំរឿងឃាតកម្មសម្លាប់យុវជនម្នាក់ដែលជាអ្នកដេីរទិញអេតចាយកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារនោះបានហើយនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ មានប្រសាសន៍ថា នៅវេលាម៉ោង១៣:៣៧នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ និងកម្លាំងកងរាជអាវុធហត្ថកងអនុសេនាធំចល័ត សរុបទាំងអស់ចំនួន១៣នាក់ រថយន្ត០២គ្រឿង អាវុធ០២ដើម ដឹកនាំដោយលោកវរសេនីយ៍ទោជួរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវករណីឃាតកម្មខាងលើរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះមុំ ថា អាយុ៣០ឆ្នាំ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលបានប្រេីកាំបិតកាប់ទៅលេីជនរងគ្រោះឈ្មោះទុយ ទឺ អាយុ២៣ឆ្នាំ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានមកស្នាក់នៅក្នុងខេត្តព្រះវិហារ ប្រកបរបរដេីរទិញអេតចាយ ។
កម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាក្រោយរយៈពេល៣ថ្ងៃបន្ទាប់ពីកេីតហេតុរហូតឈានដល់ការឃាត់ខ្លួនឃាតកបាននៅចំណុចវាលស្រែជិតជេីងភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយជនសង្ស័យបានធ្វេីសកម្មភាពកាប់សម្លាប់ជនរងគ្រោះចំនួន៥កាំបិតខ្វែវ រួចរត់គេចខ្លួនទៅលាក់ខ្លួននៅជេីងភ្នំ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា: ករណីឃាតកម្មនេះកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយជនរងគ្រោះមិនដែលស្គាល់គ្នាជាមួយជនល្មេីសនិងប្រពន្ធនោះឡេីយពីមុនមក។
សូមបញ្ជាក់ថា: នៅថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិឃុំកេីតហេតុខាងលេី លុះទៅដល់មុខផ្ទះជនសង្ស័យ ដោយសារអាកាសធាតុក្តៅពេក ជនរងគ្រោះក៏បានឈប់ម៉ូតូ អង្គុយហូបចំណី ក៏ស្រាប់តែជនសង្ស័យបាញ់ចម្ពាមកៅស៊ូមួយគ្រាប់សំដៅមកលើជនរងគ្រោះតែមិនត្រូវ ពេលនោះជនរងគ្រោះក៏មិនបានចាប់អារម្មណ៍ដែរ។ លុះបន្តិចក្រោយមកក៏ស្រាប់តែឃេីញជនសង្ស័យកាន់កាំបិតខ្វែវសំដៅទៅកាប់លេីជនរងគ្រោះ ពេលនោះជនរងគ្រោះក៏យកដៃរង ហេីយរត់ហៅគេឯងឱ្យជួយ ហើយជនសង្ស័យនៅតែបន្តរត់តាមកាប់សម្លាប់ជនរងគ្រោះ រហូតដល់ស្លាប់តែម្តង ។
សមត្ថកិច្ចមូលដ្ឋានក៏បានបញ្ចាក់ដែរថាជនសង្ស័យជាមនុស្សសរសៃប្រសាទ និងប្រេីប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដេីម្បីសាកសួរកសាងសំណុំរឿង និងបញ្ចូនទៅតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់៕
ដោយ៖មាស សុផាត