ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានដឹកសពប្ដីពីប្រទេសថៃមកធ្វើបុណ្យនៅស្រុកកំណើតកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២២កន្លងទៅ ដោយបានចំណាយប្រាក់ដឹកសពឆ្លងដែនតាមច្រករបៀងអស់ជាង១ម៉ីនបាត។
ស្រ្តីរូបនោះមានឈ្មោះ មាន កាន មានស្រុកកំណើតនៅភូមិត្រពាំងថ្ម ស្រុក ភ្នំស្រុក ។
ស្ត្រីរូបនោះបានប្រាប់ថា នាងបានដឹកសពប្តីពីប្រទេសថៃមកដល់ព្រំដែនច្រកអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។ ស្ត្រីដដែលបានឱ្យដឹងទៀតថា ប្តីរបស់នាងបានស្លាប់បន្ទាប់ពីធ្លាក់ពីលើ អគារសំណង់កម្ពស់៣ជាន់នៅប្រទេសថៃកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ។ ក្រោយប្តីបានស្លាប់ នាងបានរៀបចំដឹកសពប្តីមកកាន់ប្រទេសកំណើតវិញដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ប៉ុន្តែពេលដឹកមកដល់ព្រំដែនកម្ពុជា-ថៃ គេមិនឱ្យនាងចេញ ដោយលិខិតឆ្លងដែន អស់សុពលភាពស្នាក់នៅ១ឆ្នាំនៅប្រទេសថៃ ។ ករណីចេញមកបានលុះណាតែវាយត្រាចេញ ក្នុងនោះភាគីថៃត្រូវផាកពិន័យចំនួន២មុឺនបាតទើបចេញបាន ដោយទ័លគំនិតនាងបង្ខំចិត្តពឹងពាក់ឱ្យមេខ្យល់ នាំផ្លូវឆ្លងដែនតាមច្រករបៀងនៅប៉ែកខាងជើងផ្សាររោងក្លឿ ដោយឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ។ ក្នុងនោះមេខ្យល់គេទារប្រាក់ចំនួន២មុឺនបាតប្រាក់ថៃ តែនាងតាមអង្វរមេខ្យល់នោះរហូតនៅត្រឹម ១១,០០០បាត ទើបគេសុខចិត្តនាំឆ្លងដែន មកកម្ពុជាបាន ។
ស្ត្រីដដែលបានឱ្យដឹងថា ប្តីនាងដែលស្លាប់នោះ ឈ្មោះ យឹត កាន់ អាយុ៣៦ឆ្នាំ មានដើមកំណើតនៅភូមិត្រពាំងថ្ម ឃុំត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នាងថា ថ្ងៃនេះនាងនិងសាច់ញាតិកំពុងធ្វើបុណ្យសពឱ្យប្តីតាមប្រពៃណីព្រះពុទ្ធសាសនា ។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក ឈុន ណា ដែលសម្របសម្រួលនាំសព ឈ្មោះ យឹត កាន់ មកកម្ពុជាវិញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២២នេះថា រាល់សពពលរដ្ឋកម្ពុជា ដែលស្លាប់នៅប្រទេសថៃសមត្ថកិច្ច កម្ពុជាមិនតម្រូវឱ្យមានការបង់លុយអ្វីទេ ហើយខាងថៃក៏គ្មានការយកលុយអ្វីដែរ ប៉ុន្តែបើអ្នកមកតាមសពនោះត្រូវតែមានឯកសារគ្រប់គ្រាន់ទើបចេញមកបាន។ លោកថា ជាក់ស្តែងស្ត្រីជាប្រពន្ធសពគាត់ស្នាក់នៅតែប្រទេសថៃ រយៈពេលជាង២ឆ្នាំមកហើយ ដូច្នេះថៃគេត្រូវតែពិន័យចំនួន២មុឺនបាតសិនមុនចេញមក កម្ពុជាបាន ។
ជុំវិញការស្លាប់របស់ពលករខ្មែរ ខាងលើ នៅព្រឹកថ្ងៃទី១៣ខែ ឧសភាឆ្នាំ២០២២នេះ ស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវលោកនេត សេរី អង្គភាពព័ត៌មានយើង មិនអាចសុំឱ្យលោកធើ្វអធិប្បាយបាននៅឡើយទេ ពាក់ព័ន្ធនឹងសំណងរដ្ឋប្បវេណីដែលថៅកែថៃត្រូវបង់សងមកគ្រួសារនៃសព ៕
(លេខស្ត្រីរងគ្រោះ066676765)
ដោយ៖ វណ្ណា