ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន ៖ ចិញ្ចើមផ្លូវជុំវិញរបងមន្ទីរពេទ្យកុមារជាតិក្លាយជាចំណាប់ខ្មាំងរបស់អ្នកលក់

ចែករំលែក៖

ភ្នំពេញ ៖ នាងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញហើយជាញឹកញាប់តែងតែធ្វើដំណើរឆ្លងកាត់ម្ដុំមន្ទីរពេទ្យកុមារជាតិសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅជុំវិញបរិវេណមន្ទីរពេទ្យនេះនាងខ្ញុំសង្កេតឃើញថាក្រៅពីចំណតរថយន្ត,ម៉ូតូនៅលើផ្លូវនោះគឺវាជាកន្លែងលក់ដូរដែលរកតែផ្លូវដើរមិនឃើញ។ នាងខ្ញុំមិនដឹងថាតើ ខាងសណ្ដាប់ធ្នាប់បានជ្រាបអំពីករណីនេះដែរឬយ៉ាងណានោះទេ។

ប៉ុន្តែកាលពីខែមុនឃើញកម្លាំងនគរបាលរាជធានីភ្នំពេញចុះមករៀបចំសណ្ដាប់ធ្នាប់នៅរបងខាងលិចមន្ទីរពេទ្យនេះដែរ។ តែមិនមែនរៀបចំកន្លែងអ្នកលក់ដូរលើរបងមន្ទីរពេទ្យនោះទេគឺរៀបចំម៉ូតូដែលចតលើចិញ្ចើមផ្លូវហើយម្ចាស់វាចូលធ្វើការក្នុងអគារមួយខាងលិចនោះ។ នាងខ្ញុំពិតជារីករាយពេលឃើញចំណាត់ការភ្លាមៗនោះមើលទៅអាចឲ្យទទួលយកបាន។ ឥឡូវ នេះកន្លែងដែលកម្លាំងនគរបាលបានដេញមិនឱ្យដាក់ម៉ូតូមុននោះ គឺចំនួនម៉ូតូកាន់ តែច្រើននិងហៀរមកលើចិញ្ចើមផ្លូវវិញដដែល។

ក្រុមអ្នកលក់ដូរបានដាក់តាំងរបស់និងកន្លែងចតសម្រាប់អតិថិជនរបស់ខ្លួននៅលើចិញ្ចើមផ្លូវ។ ដូច្នេះយានជំនិះរបស់អតិថិជនដាច់ខាតត្រូវតែចតនៅលើផ្លូវ ។ ដូច្នេះវាធ្វើឱ្យផ្លូវកាន់តែរួមតូចមិនអាចបើករថយន្តបានឡើយ ហើយនៅពេលដល់ម៉ោងសិស្សសាលាចេញពីរៀនធ្វើឲ្យផ្លូវស្ទះពិបាកធ្វើដំណើរ។ ជួនការបុរស,នារីខ្លះដែលជាម្ចាស់រថយន្តដែលមានខួរ ក្បាលរាក់ៗបានចតរថយន្តនៅលើផ្លូវធ្វើឲ្យផ្លូវកាន់តែរួមតូចមែនទែន។

អ្វីដែលខ្ញុំនិយាយនេះគឺជារឿងពិតដែលសមត្ថកិច្ចនគរបាលក្រុងអាចមកមើលបាន។ ហើយបើសង្ឃឹមទៅលើនគរបាលមូលដ្ឋានខណ្ឌទួលគោកគឺមិនអាចធ្វើអ្វីកើតទេ។ រីឯនៅលើផ្លូវលេខ២៥៧ ចាប់ពីរបងមន្ទីរពេទ្យរហូតដល់ផ្លូវទេពផនគឺអ្នកលក់បានដាក់តាំងរបស់របរនៅលើចិញ្ចើមផ្លូវនឹងធ្វើសំយ៉ាបគ្របលើផ្លូវទៀតផង។ នាងខ្ញុំមិនដែលឃើញអាជ្ញាធរចុះទៅរៀបចំម្ដងណាឡើយ។ ឬមួយព្រោះតែផលប្រយោជន៍បានជាមិនរៀបចំ  ទុកឱ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរជេប្រទេចផ្ដាសារាល់ថ្ងៃយ៉ាងនេះឬ?៕

ដោយ៖ សូរិយា


ចែករំលែក៖