ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងមានករណីស្លាប់ដោយកូវីដ-១៩ ជិត៣០នាក់

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើង នៅថ្ងៃទី១៤ខែឧសភាបានផ្សាយថា ប្រទេសនេះបានរកឃើញករណីស្លាប់ដោយកូវីដ-១៩ចំនួន២១នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់២៧នាក់ហើយ។ ក្នុងថ្ងៃទី១៣ខែឧសភា មានករណីគ្រុនក្តៅចំនួន១៧៤ពាន់នាក់។
ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសលោកកំពុងតែប្រឈមនឹងភាពវឹកវរយ៉ាងធ្ងន់ធ្ងរ ព្រោះតែការរីករាលដាលនៃជំងឺ។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា លោកគីម បានបើកកិច្ចប្រជុំមួយកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ហើយនាឱកាសនោះលោក គីម បានថ្លែងថា ការរាតត្បាតនៃជំងឺ COVID-19 ដ៏កាចសាហាវកំពុងក្លាយជាភាពវឹកវរធ្ងន់ធ្ងរបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តកូរ៉េខាងជើង។
យោងតាម KCNA មនុស្សសរុបចំនួន ៥២៤,៤៤០នាក់នៅកូរ៉េខាងជើងបានបង្ហាញរោគសញ្ញាគ្រុនក្តៅ កាលពីចន្លោះចុងខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា។ ក្នុងចំណោមពួកគេនោះ មានមនុស្សចំនួន២៤៣,៦៣០នាក់បានជាសះស្បើយឡើងវិញហើយ។
កូរ៉េខាងជើងទើបតែបានប្រកាសពីការឆ្លងរាតត្បាតលើកដំបូងបំផុតនៃ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងបានរាយការណ៍ពីករណីស្លាប់ដំបូងចំនួន១នាក់កាលពីថ្ងៃសុក្រ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Yonhap


ចែករំលែក៖