ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក Toyota Raize បានបើកវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កក្រឡាប់ផ្ងារជើងច្រងាងៗ និងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

  បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក Toyota Raize ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BU-8288 ធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបើកវ៉ារថយន្តធំៗចំនួនបីគ្រឿងមិនផុត ក៏ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-2686 ដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅបញ្រ្ចាសគ្នាចំត្រង់កង់ក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យដាច់កង់ខាងក្រោយមួយគ្រាប់ រួចរថយន្តបង្ក មិនទាន់អស់ល្បឿនក៏បន្តទៅបុកគម្របលូបណ្តាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗធ្វើឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

     ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុខាងលើ ដោយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ទើបភាគីខាងម្ចាស់រថយន្តម៉ាក Toyota Raize ជាអ្នកបង្កបានយល់ព្រមសងសំណងទៅខាងភាគីម្ចាស់រថយន្តម៉ាក RAV4 ជាអ្នករងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖