ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនានៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគមAIMF ដែលពិធីបើកការដ្ឋានសាងសង់ជាផ្លូវការត្រូវធ្វើឡើងនៅថ្ងៃទី២៤ឧសភា ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ។
តាមការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរខណ្ឌកំបូលថា៖ ទីតាំងស្ថានីយប្រព្រឹត្តកម្មនេះសាងសង់លើផ្ទៃដី៣ហិកតា ស្ថិតក្នុងភូមិភ្លើងឆេះរទេះខាងលិច ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នាប៉ែកខាងត្បូងឆៀងខាងលិចរាជធានីភ្នំពេញ ដែលជាការរួមចំណែកកាត់បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងទីក្រុងផងដែរ មុននឹងបង្ហូរចូលទៅបឹង,ទន្លេធម្មជាតិ។
សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទឺ២៣ ខែឧសភា រដ្ឋបាលរាជធានីភ្នំពេញទើបនិងចុះហត្ថលេខាជាមួយសមាគម AIMF លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ, យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្ដីពីទីក្រុងឆ្លាតវៃ និងមានចីរភាពផងដែរ៕
ដោយ ៖ សំរិត