ភ្នំពេញ៖ អតីតថ្នាក់ដឹកនាំក៏ដូចជាអតីតមន្ត្រីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ អំពាវនាវកុំឲ្យអតីតសកម្មជនគណបក្សសង្គ្រោះជាតិចាញ់បោក និងបំភាន់ចំពោះការលើកឡើងថា អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន គឺតែមួយ។ ការលើកឡើងបែបនេះ នឹងធ្វើឲ្យលោក កឹម សុខា អតីតប្រធានអតីតគណ បក្សសង្គ្រោះជាតិជាប់ជំពាក់នឹងផ្លូវច្បាប់ផង និងពិបាកដំណើរការឡើងវិញអតីតគណបក្សសង្គ្រោះជាតិ។
អតីតថ្នាក់ដឹកនាំនិងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិបានចេញលិខិតចំហរ ដែលត្រូវបានផ្សព្វផ្សាយដោយផេកហ្វេសប៊ុកឈ្មោះ យុត្តិធម៌ សង្គម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
ក្នុងនាមខ្ញុំជាអតីតគណនាយកនិងជាអតីតប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត និងដែលបានចូលរួមស្តាប់ការសំណេះសំណាលនៅពេលថ្មីៗនេះក្រោមអធិបតីភាពលោកប្រធាន កឹម សុខា ខ្ញុំសូមជំរាបជូនមកសមាជិក សមាជីកា និងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលមានលោក កឹម សុខា ជាប្រធាន ដូចតទៅ :
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និងជាពិសេសនៅក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ មានមេដឹកនាំបេក្ខជន និងសកម្មជនមួយចំនួននៃគណបក្សភ្លើងទៀន បានលួចបន្លំប្រើប្រាស់ឈ្មោះអតីតគណបក្សសង្គ្រោះជាតិដើម្បីបោកប្រាស់ ភូតកុហក និងបំភាន់ថា គណបក្សភ្លើងទៀននិងអតីតគណបក្សសង្គ្រោះជាតិ «គឺតែមួយ» ពោលគឺគណបក្សភ្លើងទៀនគឺជាអតីតគណបក្សសង្គ្រោះជាតិ។
ជំនួសមុខអោយលោកកឹម សុខា ខ្ញុំសូមបដិសេធចោលទាំងស្រុងចំពោះការលើកឡើងអះអាងបោកប្រាស់ដ៍ថោកទាប និងដោយគ្មានការអៀនខ្មាស់បែបនេះ ព្រោះលោកប្រធាន កឹម សុខាកំពុងតែបន្តតស៊ូដោយមានការគាំទ្រនិងលើកទឹកចិត្តយ៉ាងសកម្មពីសហគមន៍អន្តរជាតិដើម្បីទាមទារអោយគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវីញបានដោយស្របច្បាប់។
ទន្ទឹមនឹងនេះដែរ លោក កឹម សុខា ក៏ធ្លាប់បានប្រកាសជា សាធារណៈរួចហើយដែរថា គាត់មិនជាប់ពាក់ព័ន្ធអ្វីជាមួយ សម រង្ស៊ី ទៀតនោះទេ! ដូច្នោះសូមកុំយក ឈ្មោះរបស់គាត់ទៅបម្រើផលប្រយោជន៌របស់បក្សខ្លួនទៀតឱ្យសោះ ជាពិសេសឈ្មោះអតីតគណបក្សសង្គ្រោះជាតិ ដែលលោក កឹម សុខា ជាប្រធាន។
ម៉្យាងវិញទៀត នៅក្នុងរាល់ពិធីសំណេះសំណាលជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំនិងសកម្មជនអតីតបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្តលោកប្រធាន កឹម សុខា ក៏តែងតែបានលើកឡើងយ៉ាងច្បាស់ថា «គាត់មិនដែលក្បត់ឆន្ទៈរាស្ត្រ និងមិនដែលរត់ចោលស្រុកដូចអ្នកខ្លះ (ដែលគាត់ចង់សំដៅទៅលើ សម រង្ស៊ី និងបក្សពួក) ហើយបើត្រូវធ្វើអ្វី គឺគាត់ចេញមុខដឹកនាំធ្វើដោយផ្ទាល់…»។ ហើយថ្មីៗនេះ កូនស្រីរបស់លោកប្រធាន កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៏បានសរសេរបង្ហោះនៅក្នុង ទ្វីធទ័រ របស់ខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «ការបោះឆ្នោតឃុំសង្កាត់ ឆ្មាំ២០២២នេះ គ្មានវត្តមាននៃមេដឹកនាំរបស់បក្សសង្គ្រោះជាតិដែលនៅក្នុងប្រទេសកម្ពុជាចូលរួមនោះទេ»។
ដូច្នេះ សូមសមាជិក,សមាជីកានិងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសគាំទ្រលោកប្រធាន កឹម សុខា សូមកុំចាញ់បោកការ ឃោសនាបោកប្រាស់របស់មេដឹកនាំ ក៏ដូចជាបេក្ខជន និងសកម្មជនបក្សភ្លើងទៀនអោយសោះដែលដើរនិយាយអួតអាងថា បក្សភ្លើងទៀននិងបក្សសង្គ្រោះជាតិគឺ«តែមួយ» ព្រោះនេះគឺជាការភូតកុហកដ៍ឥតអៀនខ្មាស់និង បំភាន់ទាំងស្រុង។
អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺចេតនា ទុច្ចរិទ្ធនៃការឃោសនាថា «បក្សភ្លើងទៀននិងអតីតបក្សសង្គ្រោះជាតិគឺតែមួយ» នឹងធ្វើអោយលោកប្រធាន កឹម សុខា កាន់តែពិបាកក្នុងការប្រឈមមុខដោះស្រាយខាងផ្លូវច្បាប់ដើម្បីដោះបន្ទុកសំរាប់ខ្លួនគាត់ផង និងការដំណើរការឡើងវីញនៃអតីតបក្សសង្គ្រោះជាតិផង៕
ដោយ៖ សូរិយា