ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងឱ្យដឹងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០២២នេះថា៖ សិក្ខាកាមជំនាញសកម្មភាពកំចាត់មីននៃប្រទេសកូឡុំប៊ី មកដល់ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែឧសភានេះ ក្រោយស្ថានភាពកូវីដ១៩ មានប្រសើរទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសកូឡុំប៊ីមក រដ្ឋាភិបាលកូឡុំប៊ីបានសំរេចចាត់បញ្ជូនសិក្ខាកាមមកទទួលការហ្វឹកហ្វឺនជាមួយអង្គភាពCMACនៅខេត្តសៀមរាប។
អគ្គនាយកស៊ីម៉ាក់ បានថ្លែងបន្តថា វគ្គហ្វឹកហ្វឺននេះ ផ្តោតលេីប្រធានបទស្តីអំពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ” មានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ឧសភា ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នំា ២០២២។ សិក្ខាកាមមានចំនួន១៥រូបស្រ្តីមានចំនួន២រូប ក្នុងនោះមាន៖ទ័ពជើងគោក១០នាក់ ទ័ពជើងទឹក២នាក់ ទ័ពអាកាស១នាក់ និងតំណាងស្ថាប័នផ្នែករក្សាសន្តិភាពក្នុងវិស័យកម្ចាត់ចំនួន២នាក់មកពីក្រសួងការពារជាតិ និងការិយាល័យបេសកកម្មរក្សាសន្តិភាពជាន់ខ្ពស់។
គួរលឹកផងដែរថាប្រទេសកូឡុំប៊ីគឺជាប្រទេសដំបូងគេដែលទទួលការហ្វឹនហ្វឺន សហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីនជាមួយអង្គភាពសុីម៉ាក់ ដែលគិតមកដល់ពេលនេះ មានសិក្ខាកាមសរុបចំនួន ១៧៣នាក់ និងវគ្គហ្វឹកហ្វឺនសរុបចំនួន ១០វគ្គ។
សូមបញ្ជាក់ថា គម្រោងផ្តល់ការហ្វឹកហ្វឺនត្បូង-ត្បូងនេះ គាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)៕
ដោយ៖សហការី