ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅហ៊្សេរុយសាឡឹម ជនជាតិប៉ាឡេស្ទីន៣០នាក់រងរបួស

ចែករំលែក៖

ការដង្ហែក្បួនរបស់ជនជាតិអុីស្រាអែលឆ្លងកាត់ព្រះវិហារធ្វើឱ្យជនជាតិប៉ាឡេស្ទីនខឹងសម្បាយ៉ាងខ្លាំង ហើយបានបង្កហិង្សាធ្វើឱ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ក៏៣០នាក់ដែររងរបួស ក្រោយប៉ះទង្គិចគ្នាជាមួយទាហានអុីស្រាអែលនៅហ៊្សេរុយសាឡឹម។
ប៉ាឡេស្ទីន និងហ្ស៊កដង់ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់ជនជាតិអុីស្រាអែល រាប់ពាន់នាក់បានដង្ហែក្បួនឆ្លងកាត់ព្រះវិហារបុរាណនៅហ៊្សេរុយសាឡឹម។
អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឱ្យដឹងថា ប្រធានាធិបតីបានច្រានចោលការលើកឡើងរបស់នាយករដ្ឋមន្ត្រីអុីស្រាអែលពីការឯកភាពហ៊្សេរុយសាឡឹម។ ប្រធានាធិបតីប៉ាឡេស្ទីន បានប្រកាសថា តំបន់ហ៊្សេរុយសាឡឹមខាងកើត រួមមានទាំងព្រះវិហារនៅទីនោះគឺជារដ្ឋធានីអនាគតរបស់ប៉ាឡេស្ទីន។
ជាមួយគ្នានេះដែរ ក្រសួងការបរទេសហ្ស៊កដង់ នៅថ្ងៃទី ២៩ខែឧសភា បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលអុីស្រាអែល ដែលបានចូលទៅកាន់ព្រះវិហារ Al Aqsa ដោយចាត់ទុកថានេះជាសកម្មភាពឌឺដង បំពានច្បាប់អន្តរជាតិ និងការថែរក្សាប្រវត្តិសាស្ត្រនៅក្នុងព្រះវិហារ។
ពិធីដង្ហែក្បួនរបស់ជនជាតិអុីស្រាអែលឆ្លងកាត់ព្រះវិហារដ៏ពិសិដ្ឋ ធ្វើឱ្យជនជាតិប៉ាឡេស្ទីនខឹងសម្បាយ៉ាងខ្លាំង ទើបមានការប៉ះទង្គិចគ្នា បណ្តាលឱ្យជនជាតិប៉ាឡេស្ទិន៣០ នាក់រងរបួស ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ VOV.VN)


ចែករំលែក៖