ប្រទេសជប៉ុន ៖ សេចក្តីជូនដំណឹងអំពីការសម្រេចកែសម្រួលវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អ្នកដំណើរពីបរទេស ដែលមានបំណងធ្វើដំណើរចូលមកកាន់ប្រទេសជប៉ុន ។ នេះបើយោងតាមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបង្ហោះលើផេកផ្លូវការ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ជូនថា៖ ចំពោះអ្នកដំណើរពីប្រទេសក្រុមខៀវ ដែលមានកម្ពុជានៅក្នុងនោះផងដែរ ត្រូវបានលើកលែងការធ្វើតេស្តពេលមកដល់ និងលើកលែងការធ្វើចត្តាឡីស័ក ដោយមិនគិតពីប្រវត្តិនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ឡើយ ។ ប៉ុន្តែចំពោះការបង្ហាញលទ្ធផលតេស្ត PCR រយៈពេល ៧២ ម៉ោងមុនចេញដំណើរព៉ំត្រូវបានលើកលែងនោះទេ ។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជន ជ្រាបថា រដ្ឋាភិបាលជប៉ុនបានសម្រេចកែសម្រួលវិធានការព្រំដែន សម្រាប់អ្នកដំណើរមកពីបណ្តាប្រទេស ផ្សេងៗ ឬធ្លាប់បានស្នាក់នៅបណ្តាប្រទេសទាំងនោះក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ ដែលមានបំណងធ្វើ ដំណើរចូលប្រទេសជប៉ុន ដោយបែងចែកទៅតាមក្រុមប្រទេសចំនួន ៣ ដូចខាងក្រោម ៖
១. អ្នកដំណើរមកពីក្រុមប្រទេសតំបន់ក្រហម តម្រូវឱ្យគោរពនូវលក្ខខណ្ឌ ដូចខាងក្រោម៖
– ធ្វើតេស្តកូវីដ-១៩ នៅពេលមកដល់
– ចត្តាឡីស័កចំនួន ០៣ ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចជប៉ុន
– នៅថ្ងៃទី៣ នៃការធ្វើចត្តាឡីស័ក ក្នុងករណ៏លទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន អ្នកដំណើរនឹង មិនតម្រូវឱ្យធ្វើចត្តាឡីស័កបន្តនៅផ្ទះនោះទេ
・ ដោយឡែក ចំពោះអ្នកមានវិញ្ញាបនបត្របញ្ជាក់ការចាក់វាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើតេស្តនៅពេលមកដល់ និងធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន ០៧ ថ្ងៃ ។ ក្នុងករណីដែល អ្នកដំណើរនោះស្ម័គ្រចិត្តធ្វើតេស្តកូវីដ-១៩ (PCR Test or Quantitative Antigen Test) នៅថ្ងៃទី០៣ ឬថ្ងៃបន្ទាប់ នៃការធ្វើចត្តាឡីស័ក រួចផ្ដល់លទ្ធផលអវិជ្ជមានទៅក្រសួងសុខា ភិបាលជប៉ុន ហើយក្រសួងសុខាភិបាលទទួលស្គាល់ នោះការធ្វើចត្តាឡីស័ក នឹងត្រូវបាន បញ្ចប់មុនថ្ងៃកំណត់ ។
២. អ្នកដំណើរមកពីក្រុមប្រទេសតំបន់លឿង តម្រូវឱ្យគោរពនូវលក្ខខណ្ឌ ដូចខាងក្រោម៖
– ធ្វើតេស្តកូវីដ-១៩ នៅពេលមកដល់
– ចត្តាឡីស័កនៅផ្ទះ រយៈពេល ០៧ ថ្ងៃ
– ក្នុងករណីដែលអ្នកដំណើរនោះស្ម័គ្រចិត្តធ្វើតេស្តកូវីដ-១៩ (PCR Test_or: Quantitative Antigen Test) នៅថ្ងៃទី០៣ ឬថ្ងៃបន្ទាប់ នៃការធ្វើចត្តាឡីស័ក រួចផ្ដល់លទ្ធផលអវិជ្ជមាន ទៅក្រសួងសុខាភិបាលជប៉ុន ហើយក្រសួងសុខាភិបាលទទួលស្គាល់ នោះការធ្វើចត្តាឡីស័ក នឹងត្រូវបានបញ្ចប់មុនថ្ងៃកំណត់ ។
ចំពោះអ្នកមានវិញ្ញាបនបត្របញ្ជាក់ការចាក់វាក់សាំងកូវីដ-១៩ ពេញលេញ មិនតម្រូវឱ្យ មានការធ្វើតេស្តកូវីដ-១៩ នៅពេលមកដល់ និងធ្វើចត្តាឡីស័កនោះទេ ។
៣. អ្នកដំណើរមកពីក្រុមប្រទេសតំបន់ខៀវ ដែលកម្ពុជាស្ថិតក្នុងក្រុមប្រទេសនេះដែរនោះ មិនតម្រូវ ឱ្យមានការធ្វើតេស្តកូវីដ-១៩ នៅពេលមកដល់ និងធ្វើចត្តាឡឺស័កនោះទេ ។
សូមបញ្ជាក់ជូនថា៖ ចំពោះអ្នកដំណើរមកពីប្រទេសក្នុងតំបន់ (១) ក្រហម និង (២) លឿង អាចអនុញ្ញាតឱ្យប្រើប្រាស់ មធ្យោបាយធ្វើដំណើរសាធារណៈបាន ទៅកាន់ផ្ទះ ឬកន្លែងស្នាក់ ដោយប្រើប្រាស់ផ្លូវដែលមានចម្ងាយជិតជាងគេ និងចំណាយពេលមិនលើសពី ២៤ ម៉ោង ក្នុងការធ្វើដំណើរ គិតចាប់ពីការធ្វើតេស្តនៅពេលមកដល់រួចរាល់ ។
ការកំណត់ក្រុមប្រទេសទៅតាមពណ៌ ៣ ប្រភេទខាងលើ នឹងត្រូវកំណត់ និងធ្វើបច្ចុប្បន្នភាព ដោយក្រសួងការបរទេស និងក្រសួងសុខាភិបាលជប៉ុន ។ លក្ខខណ្ឌតម្រូវខាងលើ នឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ ។
ការកែសម្រួលខាងលើ មិនបានលុបចោលលក្ខខណ្ឌតម្រូវនៃការបង្ហាញលទ្ធផលតេស្ដ PCR កូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោង មុនពេលធ្វើដំណើរ ចូលមកប្រទេសជប៉ុននោះទេ ។ ការចាក់វ៉ាក់សាំងពេលលេញ ដែលទទួលស្គាល់ដោយរដ្ឋាភិបាលជប៉ុន ត្រូវគោរពតាមលក្ខខណ្ឌ .និងប្រទេសវ៉ាក់សាំង ដូចមានបញ្ជាក់ក្នុងឧបសម្ព័ន្ធ១ ជូនភ្ជាប់ ៕
ដោយ ៖ សុខ ខេមរា