ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួលដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជិត៣០០នាក់ ដង្ហែក្បួននៅថ្ងៃបញ្ចប់ ឃោសនាបោះឆ្នោត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២២នេះបានដឹកនាំក្រុមការងារ សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ដង្ហែរក្បួនឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅក្នុងឃុំពងទឹក ជាមួយសមាជិកចូលរួមជិត៣០០នាក់ ។

ការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅក្នុងដែនរដ្ឋបាលឃុំពងទឹក យ៉ាងអធឹកអធមដោយមាន រថយន្ត១០គ្រឿង ម៉ូតូ១០០គ្រឿង មេក្រូ៣គ្រឿងនិងម៉ូតូកង់បីចំនួន ៤ គ្រឿង ដោយមានការលាយឡំទៅនឹងសំឡេងឧឃោសនសព្ទ និងសម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោក រស់ ផារិទ្ធ បានថ្លែងថាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនដែលជាគណបក្សចាស់ទុំនិងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។

លោកក៏បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសូមគៀងគរបងប្អូនមិត្តភក្ដិឪពុកម្ដាយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២២ ឲ្យបានគ្រប់គ្នាដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២រហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ហើយការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោតផងដែរ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖